(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានដឹកនាំមណ្ឌលភូមភាគទី៦ រួមជាមួយលោកស្រី ម៉ែន សំអន អនុប្រធានដឹកនាំមណ្ឌលភូមិភាគ៦ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ស្ថិតនៅក្នុងខេត្តព្រៃវែង។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា បន្ទាប់ពីផុតកំណត់ការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ការិយាល័យកិច្ចការគណបក្ស នយោបាយ និងអ្នកសង្កេតការណ៍ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលបានពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតការណ៍ ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា មានចំនួន៤គណបក្ស ចំនួន៧៥រូប គឺគណបក្សប្រជាជនកម្ពុជាមាន៣៣រូប, គណបក្សយុវជនកម្ពុជាមាន៤រូប, គណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច មាន២០រូប គណបក្សខ្មែររួបរួមជាតិមាន១៨រូប។ ចំណែកគណបក្សចំនួន៣ បានដាក់ភ្នាក់ងារបម្រុងលើកលែងតែគណបក្សយុវជនកម្ពុជាគ្មានភ្នាក់ងារបម្រុង។
សេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា អនុលោមតាមប្រកាស ៧.១.១៧ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធភានីតិកាលទី៤ ឆ្នាំ២០១៨ គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន២រូប ភ្នាក់ងារពេញសិទ្ធិ១រូប និងភ្នាក់ងារបម្រុង១រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត ឬសម្រាប់យុទ្ធនាការថ្ងៃដំបូងនេះ គណបក្សនយោបាយដែលបានចូលរួមបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា កំពុងតែចាប់ផ្ដើមយុទ្ធនាការឃោសនាហើយ ជាមួយនឹងសកម្មជនរបស់ពួកគេ។ យ៉ាងណាក៏ដោយ សម្រាប់ការឃោសនាបោះឆ្នោត គ.ជ.ប នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ បានចេញសេចក្តីប្រកាស អំពីការហាមឃាត់ មិនឱ្យហែក្បួនឃោសនា នៅក្នុងយុទ្ធនាការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅតាមដងវិថី និងទីប្រជុំជនមួយចំនួន ដើម្បីបញ្ចៀសការកកស្ទះ។
គ.ជ.ប ក៏បានផ្ដល់ការផ្សព្វផ្សាយស្មើភាពគ្នា លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ជូនគណបក្សនយោបាយ សម្រាប់ការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដោយបានបង្កើតគណៈកម្មការសម្របសម្រួល ដើម្បីជួបពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ និងឯកជន និងភាគីពាក់ព័ន្ធពន្យល់ណែនាំ អំពីបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងដំណើរការបោះឆ្នោត និងគោលការណ៍ណែនាំអំពី ការឃោសនាបោះឆ្នោត របស់ គ.ជ.ប៕