(ព្រៃវែង)៖ លោក ហ៊ូ សាគុណ​ ប្រធានក្រុមការងារចុះជួយឃុំអង្គរទ្រេត និងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានស្នើសមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរមុតមាំក្នុងការអនុវត្តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងកម្មវិធីនយោបាយរបស់គណបក្ស ក៏ដូចជា របស់រាជរដ្ឋាភិបាលឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនប្រជាប្រិយភាព ក៏ដូចជា ការគាំទ្រគណបក្ស សំដៅរក្សាជ័យជម្នះ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨។

ការថ្លែងអំពាវនាវដល់សមាជិកសមាជិកខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នំា២០១៨ ខណៈដែលលោក និងលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ​ បានអញ្ជើញជាគណៈអធិបតី​ ក្នុងពិធីផ្សព្វផ្សាយឯកសារមហាសន្និបាត​វិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការបក្សឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ រួមជាមួយគណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ ប្រជាការពារនិវត្តន៍ជនសរុបចំនួន២៥០នាក់។

​បន្ទាប់ពីលោក​ កុល​ ទិត្យ​ ប្រធានក្រុមប្រឹក្សាឃុំអង្គទ្រេត​អានរបាយការណ៍ស្វាគមន៍រួចមក លោក​ ឡាច​ យឺន​ អនុប្រធានក្រុមការងារចុះជួយឃុំ​ បានឡើងអាន​សុន្ទរកថា ផ្សព្វផ្សាយឯកសារ​មហាសន្និបាតតំណាងទូទាំងប្រទេស​របស់គណបក្សប្រជាជនកម្ពុជា និងលោក​ ប៉ិច សុង​ អភិបាលស្រុកស្វាយអន្ទរអានកម្មវិធីនយោបាយសម្រាប់អនុវត្តឆ្នាំ២០១៨-២០២៣​ លោក ហ៊ូ សាគុណ បានអញ្ជើញមានមតិសំណេះសំណាល​ និងពាំនាំនូវការសាកសួរសុខទុក្ខពីលោក នេត សាវឿន ប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច ដល់សមាជិក​សមាជិកាផងដែរ។

​ជាចុងបញ្ចប់នៃអង្គពិធីលោក ហ៊ូ សាគុណ បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាបក្សទាំងអស់ ដែលជានិច្ចកាលតែងស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា និងបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការតស៊ូដណ្តើមយកជ័យជម្នះជូនគណបក្សនៅគ្រប់សមរភូមិបោះឆ្នោត និងជាពិសេសបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍមូលដ្ឋាន៕