(សៀមរាប)៖ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដឹកនាំដោយលោក ហ៊ុន ម៉ានី រួមជាមួយលោក ឃឹម ប៊ុសុង អភិបាលខេត្តសៀមរាប និងមន្ត្រីអាជ្ញាធរខេត្ត មន្ត្រីអាជ្ញាធរអប្សរា មន្ត្រីនៃស្ថាប័នពាក់ព័ន្ធ យុវជន ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានប្រមាណ៣០០នាក់ បានចូលរួមក្នុងពិធីក្រុងពលីបួងសួងសុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ដ» នាព្រឹកថ្ងៃអាទិត្យ ១១រោច ឆ្នាំមាឃ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅលានជល់ដំរី នៃបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។
ពិធីនេះត្រូវបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសានា ដែលនៅក្នុងនោះមានពិធីថ្វាយគ្រឿងសក្ការៈទិសទាំង៨ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពីធីប្រគុំភ្លេងថ្វាយទសបារមី តាមបែបបុរាណ និងគន្លងប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា របស់ខ្មែរក្នុងពុព្វហេតុបួងសួងសុំសេចក្ដីសុខ សម្រាប់ព្រឹត្តិការណ៍ទាំងមូល ដែលមួយផ្នែកនៃពិធីនេះ ធ្វើឡើងដើម្បីបូជាព្រះភូមិ និងមួយផ្នែកទៀតសម្រាប់បូជាស្ដេចក្រុងពាលី និងដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹងបានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។
ស.ស.យ.ក បានបញ្ជាក់ថា នេះជាលើកទីប្រាំមួយហើយ (២០១៣-២០១៨) ដែល ស.ស.យ.ក សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តគ្រប់ទិសទី បានរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដ ក្នុងគោលបំណងផ្ដល់ឱកាសឲ្យយុវជន, ភ្ញៀវជាតិ-អន្តរជាតិ, និងសាធារណៈជនខ្មែរទូទៅ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីយរាយ សុភមង្គល និងដើម្បីផ្ដល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយបានស្វែងយល់នូវភាពរុងរឿង នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគរ។
ស.ស.យ.ក បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះ ក៏នឹងផ្ដល់ឱកាសឲ្យព្រះរាជាណាចក្រកម្ពុជា បានលើកតម្កើងនូវអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ជំនឿ សាសនា និងប្រពៃណីដ៏ផូរផង រួមនិងសម្បត្តិបេតិកភ័ណ្ណពិភពលោក ទាំងរូបីយិ៍ និងអរូបីយិ៍របស់ខ្លួន ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ និងបន្តពង្រីកនូវកិត្យានុភាពនេះ នៅលើឆាកអន្តរជាតិទៀតផង។
ស.ស.យ.ក បានបន្ថែមថា បន្ទាប់ពីពិធីក្រុងពលីនេះទៅ ក្រុមការងារ «អង្គរសង្ក្រាន្ដ» ព.ស ២៥៦១ ឈានចូល ព.ស ២៥៦២ (ឆ្នាំ២០១៨) នឹងចាប់ផ្ដើមការដ្ឋានសាងសង់ ក៏ដូចជាហ្វឹកហាត់សម្ដែងនានា តាមតួនាទី និងភារកិច្ចតម្រូវ ដើម្បីត្រៀមខ្លួនបង្ករបរិយាកាសសប្បាយរីករាយ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណៈជនទូទៅ ក៏ដូចជាដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ៕