(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត មន្រ្តីគយ នគរបាល និងមន្រ្តីស្នាក់ការ បានចុះត្រួតពិនិត្យផលិតផលទំនិញ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ នៅមាត់ច្រកប៉ុស្តិ៍អូររំដួល ស្រុកភ្នំព្រឹក ពេលនោះបានរកឃើញជាក់ស្តែង មានទំនិញខូចគុណភាពនំចំរុះប្រមាណ៣០គ.ក្រ និងសាច់មាន់ខូចគុណភាព៤០គីឡូក្រាម យកមកដុតកំទេចចោលភ្លាមៗនៅនឹងកន្លែង។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីទប់ស្កាត់ទំនិញខូចគុណភាពមន្រ្តីជំនាញ យើងបានឃ្លាំមើលដោយយកចិត្តទុកដាក់ជាប្រចាំ របស់មន្រ្តីជំនាញយើងកន្លងមកក៏ដូចជា បច្ចុប្បន្នយើងបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត នគរបាល គយ ស្នាក់ការច្រក និងអាជ្ញារមូលដ្ឋាន បានចុះត្រួតពិនិត្យរាល់ទំនិញពាក់ព័ន្ធ ចំណីអាហារខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលធ្វើឲ្យមានការប៉ះពាល់សុខភាពប្រជាពលរដ្ឋយើង។ ជាក់ស្តែងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យផលិតផលទំនិញ នៅតាមមាត់ច្រកព្រំដែន បានរកទំនិញដែលឈ្មួញលួចបង្កប់ក្នុងរទេះដឹកបន្លែ ផ្លែឈើ នាំចូលពីប្រទេសថៃ មានសាច់មាន់ខូចគុណភាពចំនួន៤០គីឡូក្រាម និងនំចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៣០គីឡូក្រាម។

លោក ហាក់ សុខរិន បានបញ្ជាក់ថា ជាលទ្ធផលទំនិញដែលយើងរកឃើញ មានទំនិញខូចគុណភាពចំរុះប្រមាណសរុប៧០គីឡូក្រាម រួចយកមកដុតកំទេចចោលនៅនឹងកន្លែងភ្លាមៗ។ លោកប្រធាននៅតែបានអំពាវនាវដល់ប្រជាពលរដ្ឋ តាមរយៈការអប់រំនៅនឹងកន្លែង ការបិទផ្សាយតាមរូបភាពផ្សេងៗ និងធ្វើការពិសោធន៍ផ្ទាល់ឲ្យអាជីវករលក់ដូរ និងអ្នកប្រើប្រាស់បានឃើញផ្ទាល់ ដោយបានបញ្ជាក់ពីផលប៉ះពាល់សុខភាពយើងទាំងអស់គ្នាជាចំបង។

លោកបន្តថា នៅក្នុងការចុះត្រួតពិនិត្យរៀងរាល់លើក គឺមន្រ្តីយើងបានឆ្លៀតអប់រំដល់អ្នកលក់និងអ្នកទិញ សូមកុំទិញទំនិញខូចគុណភាពទាំងនេះយកទៅបរិភោគ ដែលធ្វើឲ្យប៉ះពាល់សុខភាពបងប្អូនទាំងអស់គ្នា។ ពីមួយថ្ងៃទៅមួយថ្ងៃយើងសង្កេតឃើញថា ពួកគាត់មានការយល់ដឹងកាន់តែច្រើន ទោះជានៅសល់អាជីវតិចតួចកំពុងបានលួចនាំចូល ឬដាក់តាំងលក់ តែពួកគាត់បានទទួលយកចំណេះដឹងទាំងនេះ ហើយធ្វើការផ្សព្វផ្សាយបន្ត ដោយកន្លែងលក់ភាគច្រើន លែងហ៊ានលក់ទំនិញទាំងនេះទៅឲ្យអ្នកប្រើប្រាស់ទៀតផង ហើយអ្នកប្រើប្រាស់ខ្លួនឯងក៏មានការប្រុងប្រយ័ត្នផង មុននឹងទិញទំនិញនៅផ្សារយកទៅបរិភោគដែរ៕