(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ បានបើកប្រតិបត្តិការចាប់ឃាត់រថយន្តតទ្រុងខុសបច្ចេកទេសចំនួន៤គោលដៅទូទាំងខេត្ត ដោយបានត្រួតពិនិត្យរថយន្តជិត២០០គ្រឿង ក្នុងនោះរកឃើញ រថយន្តដឹកសំពីងសំពោងចំនួន២៥គ្រឿង ព្រមទាំងរកឃើញរថយន្តតទ្រុងខុសបច្ចេកទេសចំនួន២គ្រឿង ដោយបានកាត់ចោលនៅនឹងកន្លែងតែម្តង។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថានៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ដោយមានការណែនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក៏ដូចជាការអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈកម្មការក្រុមការងារត្រួតពិតនិត្យ លក្ខណៈបច្ចេកទេសយានយន្តខេត្ត រួមមាន៖ មន្ត្រីមន្ទីរសាធារណការខេត្ត កម្លាំងស្នងការនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត ព្រមទាំងអជ្ញាធរក្រុងស្រុក បានចុះត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់ ជាលទ្ធផល បានឃាត់រថយន្តកែខុសលក្ខណៈបច្ចេកទេសចំនួន២គ្រឿង ដោយកាត់ទ្រុងចោលនៅនឹងកន្លែងតែម្ដង។

លោកបានបន្តថា «រហូតមកដល់ពេលនេះ ក្នុងទឹកដីខេត្តព្រះវិហារឲ្យតែមានរថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់ គឺក្រុមការងារនឹងបន្តអនុវត្តចាប់ឃាត់ និងកាត់ទ្រុងនៅនិងកន្លែង ដោយមិនមានការលើកលែងនោះឡើយ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី»

លោក សំ លាងទ្រី បានឲ្យដឹងទៀតថា នៅក្នុងយុទ្ធនាការចុះឃាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស៤គោលដៅ ក្នុងខេត្តជាលទ្ធផលមាន៖
-រថយន្តឆ្លងកាត់គោលដៅ៨១៣គ្រឿង
-រថយន្តត្រូវធ្វើការត្រួតពិនិត្យ១៨៣គ្រឿង
-រថយន្តពិនិត្យឃើញត្រឹមត្រូវ៩៩គ្រឿង
-រថយន្តបានណែនាំដឹកសំពីងសំពោង២៥គ្រឿង
-រថយន្តពុំមានឯកសារគ្រប់គ្រាន់២០គ្រឿង
-រថយន្តត្រូវបានដោះចង្អើរកន្ទុយ៣៣គ្រឿង
-បិទស្ទីកគរ័ចំណាំងផ្លាតលើគោយន្តកន្ត្រៃយ៍៥២គ្រឿង
-បិទស្ទីកគរ័ការពារជីវិតអ្នកពាក់ខ្សែក្រវ៉ាត់៤០គ្រឿង
-កាត់ទ្រុងរថយន្តកែច្នៃខុសបច្ចេកទេស២គ្រឿងផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុង ហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ៕