(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ប្រកាសបើកឲ្យដំណើរការគម្រោង ការអនុវត្ដអនុសញ្ញា ស្ដីពីការត្រួតពិនិត្យថ្នាំជក់ របស់អង្គការសុខភាពពិភពលោក (FCTC) ២០៣០ នៅកម្ពុជា ដើម្បីជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការកសាងសមត្ថភាព និងជាពិសេសការដំឡើងពន្ធលើផលិតផលថ្នាំជក់នៅកម្ពុជា។

លោកស្រី បណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ថា៖ គម្រោង FCTC ២០៣០ នៅកម្ពុជា សម្រាប់កាត់បន្ថយអត្រាប្រើបា្រស់ថ្នាំជក់តាមរយៈការពង្រឹង ការអនុវត្តអនុសញ្ញាស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ របស់អង្គការសុខភាពពិភពលោកនៅកម្ពុជា ។

ទន្ទឹមគ្នានោះដែរ លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា «ក្រសួង មានមោទនភាពដោយបានរួមជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតជាគម្រោង FCTC ២០៣០ នៅប្រទេសកម្ពុជានេះឡើង» ។

ក្នុងសប្តាហ៍នេះ ក្រុមលេខាធិការដ្ឋានអនុសញ្ញា ស្តីពីការត្រួតពិនិត្យថ្នាំជក់របស់អង្គការសុខភាពពិភពលោក រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះជួបជាមួយក្រសួងពាក់ព័ន្ធ ប្រមូលទិន្នន័យចាំបាច់ ដើម្បីបង្កើតជាករណីសិក្សាមួយ អំពីផលប៉ះពាល់របស់ថ្នាំជក់ដល់សុខភាព សេដ្ឋកិច្ចនៅកម្ពុជា ។ករណីសិក្សានោះមានសារៈសំខាន់​ ជាជំនួយស្មារតីក្នុងការជំរុញការងារត្រួតពិនិត្យថ្នាំជក់ រួមមាន ការដំឡើងពន្ធ និងការជំរុញការវិនិយោគលើសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការប្រើបា្រស់ថ្នាំជក់ជាដើម។

លោក វេជ្ជបណ្ឌិត អ៊ឹង ភីរុន បានបញ្ជាក់ទៀតថា៖ យោងតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក ថ្នាំជក់ សម្លាប់មនុស្ស ៧.២លាននាក់ ក្នុង១ឆ្នាំ ដោយក្នុងនោះមាន៨០% នៃអ្នកស្លាប់ទាំងនោះនៅប្រទេសកំពុងអភិវឌ្ឍ ។ រីឯអ្នក មិនជក់បារីចំនួន៦សែននាក់ បានស្លាប់ក្នុង១ឆ្នាំ ដោយគ្រាន់តែស្រូបផ្សែងបារីពីគេ ។ ថ្នាំជក់ បានដាក់បន្ទុកធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងបង្កើនភាពក្រីក្រ ។

ការជក់បារីធ្វើឲ្យខាតបង់ថវិកាប្រមាណ១.៤ទ្រីលានដុល្លារអាមេរិក នៅទូទាំងពិភពលោក ។ ជាពិសេសការប្រើបា្រស់ថ្នាំជក់ ធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពទាំងអ្នកជក់ និងអ្នកមិនជក់ដែលបានស្រូបផ្សែងបារីដោយអចេតនា ព្រមទាំងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សង្គម និងបរិស្ថានថែមទៀត ។ ថ្នាំជក់ គឺជាកត្តាហានិភ័យចម្បង ដែលបណ្តាលឲ្យកើតជំងឺមហារីកសួត និងមហារីកសរីរាង្គផ្សេងៗទៀត ជំងឺបេះដូង និងសសៃឈាម ជំងឺសួតរ៉ាំរ៉ៃ ជាដើម ៕