(បាងកក)៖ មនុស្សប្រមាណ៤០០នាក់ បានប្រមូលផ្តុំគ្នានៅជិតទីលានប្រជាធិបតេយ្យ ទីក្រុងបាងកក ប្រទេសថៃ ដោយបានទាមទារឲ្យរដ្ឋាភិបាល កុំមានការពន្យារពេល នៃការបោះឆ្នោតថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០១៨នេះ, នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន RT News ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ការតវ៉ាទាមទារនេះត្រូវបានធ្វើឡើង បន្ទាប់ពីការបោះឆ្នោតត្រូវបានពន្យារពេលជាច្រើនលើកមកហើយ នៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលបរិច្ឆេទចុងក្រោយបំផុត នៃការបោះឆ្នោត គឺនៅខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ដែលកំណត់ដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូឆា ដែលបានឡើងកាន់តំណែង បន្ទាប់ពីធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤។

សូមជម្រាបថា ការកែប្រែច្បាប់ស្តីពីការបោះឆ្នោត ដែលបានដាក់ឲ្យប្រើប្រាស់ នៅក្នុងខែមករាកន្លងទៅនេះ បានបង្ហាញនូវអត្ថន័យថា កាលបរិច្ឆេទនៃការបោះឆ្នោត ​នឹងត្រូវពន្យារពេលរហូតដល់​ដើមឆ្នាំ២០១៩៕