(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបារាយណ៍ បានណែនាំក្រុមការងារគណបក្សទាំងអស់ប្រចាំស្រុកបារាយណ៍ ត្រូវសហការគ្នាជាមួយគណៈកម្មាធិការបក្សថ្នាក់ឃុំ ចុះអនុវត្តការងារឲ្យដល់មូលដ្ឋានឃុំ-ភូមិ ក្រុមគ្រួសារបក្ស និងប្រជាពលរដ្ឋ ដើម្បីស្ដាប់សំណូមពរ និងដោះស្រាយបញ្ហាជាក់ស្ដែងជូនពួកគាត់។
លោកប្រធានក្រុមការងារលើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការយុទ្ធសាស្ត្រ ឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងកិច្ចប្រជុំខាងលើ លោក ថោង ខុន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងទិសដៅអនុវត្តការងារមួយចំនួន រួមមាន៖
១៖ បន្តការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានរហ័ស និងមានតម្លាភាព។
២៖ បន្តការគិតគូរ និងយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ។
៣៖ បន្តតាមដានសភាពការណ៍ និងការងារសតិអារម្មណ៍នយោបាយនៅមូលដ្ឋាន។
ព្រមជាមួយគ្នានោះ លោកប្រធានបានរំឭកឲ្យសមាជិកបក្សទាំងអស់ខិតខំធ្វើការឃោសនាពន្យល់ និងអប់រំប្រជាពលរដ្ឋគ្រប់រូបឲ្យស្រលាញ់ និងការពារសន្តិភាព ចូលរួមរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ពិសេសរាំងខ្ទប់ និងកម្ទេចឲ្យបាននូវរាល់ចលនាសង្គ្រោះជាតិ ដែលប៉ុនប៉ងបង្កើតឡើងនៅក្នុងមូលដ្ឋាន។
លោកប្រធានក្រុមការងារ បានណែនាំឲ្យក្រុមការងារបន្តខិតខំបញ្ចូលសមាជិកគណបក្សថ្មី តាមសន្ទស្សន៍ផែនការដែលគណបក្សស្រុកបានដាក់ចុះ និងរួមជាមួយគណបក្សមូលដ្ឋានគ្រប់គ្រងសមាជិកបក្សឲ្យបានល្អ ដើម្បីធានាថាសមាជិកបក្សម្នាក់ត្រូវបោះឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជន និងត្រូវខិតខំចលនាប្រជាពលរដ្ឋឲ្យគាំទ្រគណបក្ស និងបោះឆ្នោតជូនគណបក្សបានមួយសំឡេងទៀតយ៉ាងតិច ប្ដេជ្ញាធ្វើយ៉ាងណាឲ្យគណបក្សប្រជាជនឈ្នះឆ្នោត ដើម្បីបានសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៦នេះ និងអាណត្តិក្រោយៗទៀត។
លោកប្រធានបានបន្ថែមទៀតថា ក្រុមការងារគ្រប់ឃុំយកចិត្តទុកដាក់ដល់ការរៀបចំស្លាកសញ្ញាគណបក្ស សម្ភារៈ និងមធ្យោបាយឃោសនាឲ្យបានគ្រប់គ្រាន់៕