(ត្បូងឃ្មុំ)៖ ស្ដ្រីជនជាតិឥស្លាមម្នាក់ ត្រូវបានបុរសជនជាតិឥស្លាមរំលោភសម្លាប់ នៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ប៉ុន្ដែត្រឹមរយៈពេលតែ១៦ម៉ោងប៉ុណ្ណោះ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ក្រោមការបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈនេះ។
មន្ដ្រីនគរបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា លោកឧត្តមសេនីយ៍ស្នងការ បានចាត់បញ្ជាទៅលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរង ទទួលបន្ទុកព្រហ្មទណ្ឌ និងសហការីជំនាញចុះសហការជាមួយកម្លាំងនគរបាលស្រុក បើកការស៊ើបអង្កេតបន្ទាន់ៗ ភ្លាមនោះកម្លាំងជំនាញ បានកំណត់មុខសញ្ញាសង្ស័យ។
មន្ដ្រីដដែលបន្ថែមថា បន្ទាប់ពីវិភាគកន្លែងកើតហេតុ និងប្រមូលផ្តុំព័ត៌មានជំនាញឈានទៅចាប់ជនជាតិឥស្លាមម្នាក់ទៀត ឈ្មោះ ហាប់ យ៉ាន ដែលជាប់សង្ស័យករណីរំលោភសម្លាប់តែម្នាក់ឯង។ ជននេះធ្លាប់រំលោភនារីរងគ្រោះ រហូតមានផ្ទៃពោះ៤ខែម្តងហើយ តែក្រុមគ្រួសារសងខាង សម្រួលរំលូតកូនចេញដើម្បីបញ្ចប់រឿង បន្តបន្ទាប់មកជននេះតែងតែគំរាមសម្លាប់ជាញឹកញាប់។
យ៉ាងណាមិញ សម្រាប់បងថ្លៃរបស់ជនរងគ្រោះឈ្មោះ តាំ ឡេស មានទីលំនៅភូមិអូរជុំ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចអះអាងថា គឺជាសាក្សីសំខាន់បំផុត ព្រោះគាត់បានមកស្នា្នក់នៅផ្ទះជនរងគ្រោះបាន២យប់ ក្នុងយប់កើតហេតុនេះតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅផ្ដន្ទាទោសតាមច្បាប់៕