(កណ្ដាល)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយ យុវជនស្រលាញ់សន្ដិភាព និងក្រុមយុវជន ខបួន ដោយមានចូលរួមពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ក្រោយពីស្តាប់របាយការណ៍ស្វាគមន៍ លោក ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពរួចមក នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងការកោតសរសើលើការងារសម្បុរសធម៌ របស់សម្ព័ន្ធយុវជន ស្រលាញ់សន្តិភាព និងក្រុមយុវជនខបួន និងបានលើកឡើងពី ប្រវត្តិការតស៊ូឆ្លងកាត់ ការលំបាករាប់ពាន់ឧបសគ្គរបស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅរកការសង្រ្គោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមដំណើរជាមួយ កម្មាភិបាលដ៏ទុកចិត្តចំនួន៤រូប ដោយបានភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភពីកងទ័ពវៀតណាម ក្នុងការរំដោះជាតិ។
ប្រទេសជាតិមានសុខសន្តិភាព ពិតប្រាកដពេញផ្ទៃ ប្រទេសមានការបោះឆ្នោតត្រឹមត្រូវ តាមលក្ខណៈលទ្ធិប្រជាធិប្បតេយ្យសេរីពហុបក្ស តម្លាភាព និងយុត្តិធម៌ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បាននិងកំពុងបន្តសម្រេចបានជោគជ័យ ក្នុងការបង្កើតឡើងសមិទ្ធផលធំៗ ជាច្រើនថែមទៀតជូនជាតិតាមរយៈគោលដៅយុទ្ធសាស្ត្រដែលត្រូវបានដាក់ចេញ។
ដូច្នេះហើយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងយ៉ាងច្បាស់ថា «ការពារដាច់ខាត មិនឲ្យមានបដិវត្តន៍ពណ៌ នៅលើទឹកដី នៃប្រទេសកម្ពុជានោះទេ ទោះត្រូវចាយក្នុងតម្លៃណាក៏ដោយ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពុះពារ គ្រប់ឧបសគ្គរក្សាបាននូវ សុខសន្តិភាព ស្ថេរភាព រហូតអភិវឌ្ឍ ប្រទេសជាតិឈានឆ្ពោះទៅរកការរីកចម្រើន លើគ្រប់វិស័យបន្តទៀត»។
នាយឧត្តមសេនីយ៍សង្កត់ធ្ងន់ថា «បើគ្មានគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលទេសង្គ្រាមនៅកម្ពុជា មកដល់ពេលនេះ ក៏នៅមិនទាន់ចប់ផង សូមពុកម៉ែ បងប្អូន ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ចង់បំផ្លាញសុខសន្តិភាពដែលយើងទទួលបានយ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូច តែងតែលើកតម្កើងថ្ងៃ២៣ តុលា ដោយចោទរាជរដ្ឋាភិបាលថា បានរំលោភកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស ២៣ តុលាទៅវិញ។ អ្នកឯងត្រូវទទួលស្គាល់ថា បើគ្មានថ្ងៃ៧មករាទេ ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលានោះដែរ ហើយក៏គ្មានសិទ្ធមនុស្ស គ្មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរីកចម្រើន លូតលាស់លើគ្រប់វិស័យ ដូចសព្វថ្ងៃនេះដែរ»។
នាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើដល់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព និងក្រុមយុវជនខបួន ត្រូវបន្តសកម្មភាពសប្បុរសធម៌ និងបន្តរួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើន ជាពិសេសអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពីចប់កម្មវិធីសំណេះសំណាលរួចមក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ក្រុមយុវជន ស្រលាញ់សន្តិភាព និងក្រុមយុវជនខបួន ដែលមកពីតាមបណ្តាខេត្ត ព្រមទាំងបានរៀបចំបាយសាមគ្គី និងរាំកំសាន្តក្នុងបរិយាកាសយ៉ាងស្និតស្នាល និងសប្បាយរីករាយផងដែរ៕