(កំពង់ចាម)៖ អាជ្ញាធរ និងសមត្ថកិច្ចខេត្តកំពង់ចាម សហការជាមួយមន្រ្តីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន ពេញមួយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការចុះស្ទាក់ចាប់ត្រួតពិនិត្យ រថយន្តធន់ធំប្រភេទដឹកទំនិញ រហូតដល់ជិត៦០០គ្រឿង តែរកឃើញរថយន្តចំនួន៧៨គ្រឿង ដែលតទ្រុងខុសបច្ចេកទេស និងបានកាត់ចោលនៅនឹងកន្លែងតែម្តងចំនួន១៥គ្រឿង និង៦៣គ្រឿងទៀតកំពុងរៀបចំការបន្ដ។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃនេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ត្រួតពិនិត្យរថយន្ដដឹកតទ្រុងសរុបចំនួន​៥៨៦គ្រឿង ក្នុងនោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ចំនួន​៧៨គ្រឿង ​ដោយបានកាត់ទ្រុងកែតម្រូវរួចចំនួន១៥គ្រឿង នៅសល់៦៣គ្រឿងទៀត​បានឃាត់ទុកដេម្បីធ្វើការកែតម្រូវបន្ត​ ដែលការអនុវត្តនេះ គឺធ្វើឡើងទាំងក្រុង-ស្រុកចំនួន១០ ក្នុងខេត្តកំពង់ចាម»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុង ហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ។ រថយន្តដែលតទ្រុងខុសបច្ចេកទេសនេះ ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកគោ និងដឹកដំឡូងមីជាដើម។

សូមជម្រាបថា ក្នុងឆ្នាំ ២០១៧ រដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣,៦៥៧ គ្រឿង (មួយគ្រឿងអាចពិនិត្យុច្រើនជាងមួយដង) ក្នុងនោះមាន ២,៩៥៣គ្រឿង ដឹកលើសចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥,៧៧៨,៨២០,០០០រៀល។ ត្រួតពិនិត្យរថយន្តកែច្នៃកាត់តទ្រុងខុសបច្ចេកទេសចំនួន ២៣,៦៧៨គ្រឿង បានកាត់ទ្រុងចេញ ១,២១៥គ្រឿង បានអប់រំ ណែនាំ ៥៤៥គ្រឿង និងដោះរៀនតខាងក្រោយ ៤៧៣គ្រឿង។ ត្រួតពិនិត្យរថយន្តកែច្នៃ កាត់ទ្រុងឡាន យានដ្ឋាន ជួសជុល មានយានដ្ឋានសរុប ៣០៦០ (១៨១៩មានច្បាប់) យានដ្ឋានកែដច្នៃដំឡើងមាន ១៧៧យានដ្ឋាន (មានច្បាប់ ១២៩)៕