(សៀមរាប)៖ បន្ទាប់ពីបានរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ មណ្ឌលភូមិភាគទី៤ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨រួចមក នារសៀលថ្ងៃដដែល សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយសមាជិកពេញសិទ្ធិ ក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្តសៀមរាបចំនួន៦១១នាក់។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ការបើកយុទ្ធនាការនាថ្ងៃនេះ ជាការបង្ហាញថា កម្ពុជាបាននិងកំពុងការពារបានយ៉ាងរឹងមាំរាល់សមិទ្ធផលនៃសង្គមជាតិ ការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិ ការពារឆន្ទៈ និងផលប្រយោជន៍ប្រជាជនបានយ៉ាងរឹងមាំ ប្រការនេះបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម បានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សដ៏ត្រឹមត្រូវ ធានាសិទ្ធិមនុស្ស ការគោរពច្បាប់និងយុត្តិធម៌ក្នុងសង្គម ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេស ប្រកបដោយភាពសុខដុមរមនា រុងរឿង ថ្កើនថ្កាន អារ្យប្រទេសដ៏ឧត្តុង្គឧត្តម ។

សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា ទោះបីសភាពការណ៍មានសភាពធម្មតាក៏ពិតមែន ប៉ុន្តែពួកប្រឆាំងនៅតែបន្តឃុបឃិតជាមួយបរទេស មានផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាម​​​រយៈបដិវត្តន៍ពណ៌ដូចនៅប្រទេសមួយចំនួន ដោយមិនបានខ្វល់ខ្វាយពីផលលំបាករបស់ប្រជាជន និងមហន្តរាយរបស់ប្រទេសជាតិឡើយ។ ជាក់ស្តែងខេត្តសៀមរាប ជាតំបន់ទេសចរណ៍ គឺជាគោលដៅដ៏សំខាន់មួយ ដែលពួកគេនៅតែមានគោលបំណងចង់ធ្វើការផ្លាស់ប្តូរ តាមរយៈប្រើប្រាស់ឧបាយកលខ្សឹបខ្សៀវ បំភាន់ បំផ្លើស បំភ្លៃការពិត បំភ័យប្រជាជន បង្កឲ្យមានកង្វល់អំពីអនាគត នៃការប្រកបមុខរបរ អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការប៉ុនប៉ងបំផ្លាញការបោះឆ្នោតជាតិទាំងអសកល និងសកល ជាពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ពួកប្រឆាំងនៅតែមានមហិច្ចតារបស់ខ្លួនដដែល។
សម្តេច ទៀ បាញ់ បានបញ្ជាក់បន្ថែមថា ការសំណេះសំណាលនារសៀលនេះ គឺជាការជួបជុំក្រុមគ្រួសាររួមគ្នាមួយ ដើម្បីរំឮក និងបញ្ជាក់សារជាថ្មី នូវតួនាទីភារកិច្ចដែលត្រូវអនុវត្ត ក្នុងយុទ្ធនាការបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។
ជាការលើកកម្ពស់សមត្ថភាព និងស្មារតីទទួលខុសត្រូវ ឲ្យកាន់តែសកម្មថែមទៀត ក្នុងការដំណើរការយុទ្ធនាការឃោសនា និងការទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាពេលខាងមុខ សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តល់អនុសាសន៍មួយចំនួនដូចតទៅ៖

ទី១៖ បេក្ខជនទាំងពេញសិទ្ធិ និងបម្រុង ឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា ត្រូវបង្កើនសកម្មភាពការងារនៅមូលដ្ឋានឲ្យកាន់តែសកម្មថែមទៀត​ ដើម្បីឲ្យនៅកៀកជិតស្នីទជាមួយអង្គបោះឆ្នោត និងខិតខំផ្សព្វផ្សាយណែនាំ សហការការងារជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រធាន អនុប្រធានសាខាភូមិ តាមរយៈការឃោសនាការបើកវេទិកាផ្សេងៗនៅមូលដ្ឋាន។
ទី២៖ គណបក្សខេត្ត ស្រុក ក្រុង ត្រូវចាត់តាំងក្រុមការងារទទួលបន្ទុកផ្នែកច្បាប់ ឲ្យយកចិត្តទុកដាក់សិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធការបោះឆ្នោត ដើម្បីប្រមូលចងក្រងរក្សាទុក សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤។
ទី៣៖ ក្រុមការងារចុះជួយមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តជួយគាំទ្រដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ទាំងក្នុងពេលយុទ្ធនាការ ទាំងការធានាមធ្យោបាយដឹកជញ្ជូន ស្នាក់នៅ ហូបចុកក្នុងពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅទីរួមខេត្តសៀមរាប ហើយត្រូវសហការជាមួយគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់គ្រប់គ្រងចំនួន សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធានាដល់ការបោះឆ្នោតនាពេលខាងមុខ ឲ្យទទួលបានជោគជ័យតាមការគ្រោងទុក។
និងទី៤៖ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់រក្សាវត្តមានជាប្រចាំ, រក្សាសុខភាព, ទប់ស្កាត់ការប្រព្រឹត្តអំពើផ្សេងៗខុសច្បាប់ ដែលនាំឲ្យមានការបាត់បង់អង្គបោះឆ្នោតដោយប្រការណាមួយ ។ ត្រូវយកចិត្តទុកដាក់ក្តាប់ពេលវេលា ឲ្យបានហ្មត់ចត់ ទាំងថ្ងៃឃោសនាបោះឆ្នោត ថ្ងៃស្ងប់ស្ងៀម និងថ្ងៃបោះឆ្នោត និងត្រូវយកចិត្តទុកដាក់រៀបចំឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោត និងហាមដាច់ខាតមិនឲ្យយករូបសញ្ញាសម្គាល់​​​​​ផ្សេងៗជាប់ខ្លួន ដែលច្បាប់ត្រូវបានហាមឃាត់៕