(ត្បូងឃ្មុំ)៖ ដើម្បីបង្កើនសុវត្ថិភាពនូវគុណភាពទំនិញជាម្ហូបអាហារ នៅមុនឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨លោក ឃុត មករា ប្រធានប៉ុស្តិ៍កាំកុងត្រូល នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បានដឹកនាំមន្រ្តីរបស់ខ្លួន បន្តធ្វើការត្រួតពិនិត្យ និងធ្វើការវិភាគបឋមលើបន្លែនាំចូលមួយចំនួនពីប្រទេសវៀតណាម ក្នុងគោលបំណងធានាគុណភាព សុវត្ថិភាពម្ហូបអាហារនាំចូល សំដៅការពារដល់សុខភាពអ្នកបរិភោគទូទៅ។

មុខបន្លែដែលត្រូវបានត្រួតពិនិត្យ និងដកយកគំរូសំរាប់ការវិភាគបឋមនៅនឹងកន្លែងរួមមាន៖ ស្ពៃក្រញាញ់, ម្ទេសប្លោក, ប៉េងប៉ោះ, ផ្កាខាត់ណា និងម្រះ លទ្ធផលគ្មានសារធាតុគីមី formalin ធ្វើអោយបន្លែនៅស្រស់ មិនស្អុយរលួយ និងទុកបានយូរនោះទេ ព្រមទាំងធ្វើតេស្តលើស្ករត្នោត រកសារធាតុ sodium hydrosulfite លទ្ធផលគ្មានសារធាតុ ម្សៅស ធ្វើអោយឡើងពណ៌សល្អ ដែលប៉ះពាល់សុខភាព អ្នកទទួលទាននោះទេ។

លោក ឃុត មករា បានឲ្យដឹងថា បន្លែទាំងនោះមានលក្ខណវេចខ្ចប់ និងរៀបចំមានអនាម័យ និងដឹកជញ្ជូនត្រឹមត្រូវ ហើយបន្លែទាំងនោះមានសភាពស្រស់ មិនស្វិតរលួយ ប្រកបដោយភាព អនុលោមផ្នែកគុណភាព។ ទន្ទឹមនោះតាមរយៈ លទ្ធផលវិភាគបឋមក៏ ពុំមានវត្តមានសារធាតុគីមីហាមឃាត់ដែលអាចប៉ះពាល់ ផ្នែកសុវត្ថិភាពដល់អ្នកបរិភោគឡើយ។
លើសពីនេះមន្រី្តកាំកុងត្រូលនៅបាន បញ្ជូនគំរូផលិតផលបន្លែមួយចំនួនទៀត ទៅមន្ទីរពិសោធន៌របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីវិភាគមើលវត្តមានសារធាតុគីមីហាមឃាត់ផ្សេងទៀត។

សកម្មភាពនៃការ ត្រួតពិនិត្យ និងការវិភាគរក សារធាតុគីមីហាមឃាត់នៅតាមមាត់ច្រកព្រំដែន និងតាមទីផ្សារក្នុងស្រុក សាខាកាំកុងត្រូល តែងតែអនុវត្តជាប់ជាប្រចាំដោយផ្អែកលើគោលការណ៌ នៃកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានីភ័យ ដោយសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ និងមន្ទីរពិសោធន៌ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល៕