(ភ្នំពេញ)៖ នៅលើបណ្តាញសង្គម ហ្វេសប៊ុកមុននេះបន្តិច មានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបែកធ្លាយដំណឹងថា តារាស្រីចាស់វស្សា អ្នកនាង សូ ដានីតា បានសម្រេចធ្វើអត្តឃាតសម្លាប់ខ្លួន តាមរយៈការលេបថ្នាំ ដោយពុំទាន់ដឹងពីមូលហេតុច្បាស់ថា ជាការពិត ឬគ្រាន់តែការសម្តែងរឿង នៅឡើយទេ។
ផ្អែកតាមការលេចឮ ព័ត៌មាននិយាយតៗគ្នា បានលើកឡើងថា តារាស្រី សូ ដានីតា នៅរសៀលថ្ងៃនេះ បានលេបថ្នាំប៉ងសម្លាប់ខ្លួនឯង ដោយផ្ទាល់ តែសំណាងល្អ បានក្រុមគ្រួសារដឹងទាន់ពេលវេលា និងបានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យលោកសង្ឃ។ ចំពោះព័ត៌មានដ៏ភ្ញាក់ផ្អើលនេះដែរ ភ្លាមៗនោះ ក៏មានការបង្ហោះ ចែករំលែកយ៉ាងកក្រើក ពេញបណ្តាញសង្គមហ្វេសប៊ុក ផងដែរ។
ជុំវិញព័ត៌មានដ៏រសើប ពាក់ព័ន្ធនឹងគ្រោះថ្នាក់ដល់ជីវិតនេះ សារព័ត៌មាន Fresh News និងគេហទំព័រ Khmertalking បានធ្វើការទំនាក់ទំនងទៅកាន់ សូដា នីតា ផ្ទាល់ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ប៉ុន្តែពេលខលចូល នាងមិនបាននិយាយរៀបរាប់អ្វីទាំងអស់ នៅពេលដឹងថា ជាអ្នកសារព័ត៌មានខលសួរនាង ពោលគ្រាន់តែសួរថា «នរណាហ្នឹង ខលមកពីខាងណា..!» រួចក៏ចុចបិទទូរស័ព្ទតែម្ដង។ ប៉ុន្តែពេលខលទៅដើម្បីបញ្ជាក់ច្រើនដងបន្ថែមទៀត គឺសូដា នីតា លែងទទួលតែម្ដង។
យ៉ាងណាមិញ សូដា នីតា បានបង្ហាញសំឡេង តាមរយៈ Messenger ដែលបានចែកចាយមុននេះ ថា «ចាស ! អូនបងដឹងថា ប្អូនច្បាស់ជាសួរអំពីបញ្ហាហ្នឹងហើយ តែបងមិនអីទេអរគុណ ហើយប្អូន!»។
ទោះបីជាយ៉ាងណា អ្នកលេងបណ្ដាញសង្គម Facebook បានលើកឡើងថា ការបំភ្លៃព័ត៌មានគ្រោះអកុសលបែបនេះ អាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អ្នកគាំទ្រ និងអ្នកដែលធ្លាប់ស្គាល់ សូដា នីតា ជិតស្និទ្ធ និងប៉ះពាល់ដល់អារម្មណ៍សាមីខ្លួនផងដែរ។ ប៉ុន្តែគេមិនបានដឹងថា តើការបំភ្លៃព័ត៌មានបែបនេះ កើតឡើងពីប្រភពអនាមិកណាមួយ ដើម្បីឲ្យគេចាប់អារម្មណ៍លើ សូដា នីដា ដែលកំពុងស្ងាត់នឹងការងារសិល្បៈ ឬជាចេតនារបស់សាមីខ្លួន ក្នុងន័យឲ្យមហាជនចាប់អារម្មណ៍ ជ្រួលច្របល់មកលើខ្លួន ឬយ៉ាងណានោះទេ៕