(ត្បូងឃ្មុំ)៖ អាជ្ញាធរ និងសមត្ថកិច្ចខេត្តត្បូងឃ្មុំ សហការជាមួយមន្រ្តីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន ពេញមួយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការចុះស្ទាក់ចាប់ត្រួតពិនិត្យ រថយន្តធន់ធំប្រភេទដឹកទំនិញ រហូតដល់៤៧១គ្រឿង តែរកឃើញរថយន្តចំនួន៩៧គ្រឿង ដែលតទ្រុងខុសបច្ចេកទេស និងបានកាត់ចោលនៅនឹងកន្លែងតែម្តង។ នេះបើតាមលោក គង់ សុភាព ប្រធានក្រុមអនុវត្តការងារ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ។
របាយការណ៍របស់ប្រធានក្រុមអនុវត្តការងារ បានបញ្ជាក់ថា «ក្រុមការងារត្រួតពិនិត្យរថយន្ត តទ្រុង តសាក់ស៊ី ខុសលក្ខណ:បច្ចេកទេស ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយត្រួតពិនិត្យរថយន្តរួមចំនួន៤៧១គ្រឿង ក្នុងនោះរថយន្តតទ្រុង តសាក់ស៊ី ខុសលក្ខណ:បច្ចេកទេសចំនួន៩៧គ្រឿង»។
ដោយឡែកលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សម្រាប់គោលដៅដែលក្រុមការងារឈរជើងនោះមាន៤ទីតាំងរួមមាន៖
*គោលដៅទី១៖ លើផ្លូវក្រាលកៅស៊ូ ច្រកទ្វារទ្វេរភាគីដារ ស្ថិតនៅភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់
*គោលដៅទី២៖ លើផ្លូវជាតិលេខ៧២ ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក
*គោលដៅទី៣៖ លើផ្លូវជាតិលេខ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ
គោលដៅទី៤៖ លើផ្លូវជាតិលេខ១១ ភូមិលេខ១ ឃុំគងជ័យ ស្រុកអូរាំងឪ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុង ហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ។ រថយន្តដែលតទ្រុងខុសបច្ចេកទេសនេះ ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកគោ និងដឹកដំឡូងមីជាដើម។
សូមជម្រាបថា ក្នុងឆ្នាំ ២០១៧ រដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣,៦៥៧ គ្រឿង (មួយគ្រឿងអាចពិនិត្យុច្រើនជាងមួយដង) ក្នុងនោះមាន ២,៩៥៣គ្រឿង ដឹកលើសចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥,៧៧៨,៨២០,០០០រៀល។ ត្រួតពិនិត្យរថយន្តកែច្នៃកាត់តទ្រុងខុសបច្ចេកទេសចំនួន ២៣,៦៧៨គ្រឿង បានកាត់ទ្រុងចេញ ១,២១៥គ្រឿង បានអប់រំ ណែនាំ ៥៤៥គ្រឿង និងដោះរៀនតខាងក្រោយ ៤៧៣គ្រឿង។ ត្រួតពិនិត្យរថយន្តកែច្នៃ កាត់ទ្រុងឡាន យានដ្ឋាន ជួសជុល មានយានដ្ឋានសរុប ៣០៦០ (១៨១៩មានច្បាប់) យានដ្ឋានកែដច្នៃដំឡើងមាន ១៧៧យានដ្ឋាន (មានច្បាប់ ១២៩)៕