(ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៦២ ដែលរងការខូចខាតប្រមាណជាង៣គីឡូម៉ែត្រ ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ និងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ធ្វើដំណើរទៅទស្សនាប្រាសាទព្រះវិហារផងដែរ។

ដើម្បីពន្លឿនការជួសជុលកំណាត់ផ្លូវជាតិលេខ៦២នេះ ឲ្យឆាប់រហ័ស និងរួចរាល់ជាស្ថាពរហើយ ក៏ដូចជាការលើកទឹកចិត្តដល់មន្ត្រីក្នុងការដ្ឋាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អមដំណើរដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យមើលការដ្ឋានជួសជុល ថែទាំកំណាត់ផ្លូវជាតិលេខ៦២ ដែលស្ថិតនៅចំណុចទីតាំងខាងលើ។

នៅក្នុងឱកាសចុះពិនិត្យមើលការជួសជុលកំណាត់ផ្លូវជាតិលេខ៦២ ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរដល់មន្ត្រី ក្នុងការដ្ឋានជួសជុល និងថែទាំផ្លូវជាតិលេខ៦២ទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ដល់ការជួសជុល និងថែទាំផ្លូវថ្នល់។

ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្ត បានផ្តល់អនុសាសន៍ណែនាំឲ្យ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់មន្ថែមទៀត ធ្វើយ៉ាងណាជួសជុល ឲ្យផ្លូវថ្នល់មានគុណភាពប្រើប្រាស់បានយូ និងមានសោភណ្ឌ័ភាព ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរ តាមដងផ្លូវមានភាពងាយស្រួល និងមានសុវត្ថិភាព។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៦២ ដែលកំពុងធ្វើការជួសជុលនេះ គឺមានប្រវែងជាង៣គីឡូម៉ែត្រ គ្រោងបញ្ចប់ការជួសជុល នៅក្នុងខែមិនា ខាងមុខនេះ។

លោកប្រធានមន្ទីរ បានគូសបញ្ជាក់ទៀតថា កំណាត់ផ្លូវជាតិលេខ៦២ ដែលកំពុងធ្វើការជួសជុលនេះ គឺក្រុមការងារជំនាញបានកាយយកអាចម៍ដី ស្អុយចេញជម្រៅជិត២ម៉ែត្រ។ លោកបញ្ជាក់ទៀតថា «ការដែលយើងកាយយកអាចម៍ដីស្អុយ ចេញជម្រៅជ្រៅយ៉ាងនេះ ក៏ដោយសារមុនដំបូងយើង បានដំទម្លុះដី បើវាដំទៅជម្រៅណាយើងកាយត្រឹមជម្រៅនោះចេញ តែដីនៅទីនេះ គឺយើងដំទៅលិចជម្រៅជិត២ម៉ែត្រ បានន័យថា ជាដីស្អុយទើបយើងកាយចេញ ហើយចាក់បំពេញមកវិញនៅថ្មកិនបង្ហាប់ រហូតស្មើនិងផ្លូវចាស់ទើបធ្វើឲ្យផ្លូវនេះរឹងមាំប្រើបានយូរ បើយើងកាយរាក់ពេក ហើយជួសជុលឲ្យតែបានទីបំផុតផ្លូវនេះ នឹងរងការខូចខាតវិញយ៉ាងឆាប់រហ័សជាក់ជាមិនខាន»៕