(កំពង់ធំ)៖ ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងការប្រកបរបនានារបស់បងប្អូន ប្រជាពលរដ្ឋខ្មែររស់នៅក្នុង ភូមិតាព្រាច ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តកំពង់ធំ បានប្រកាសសាងសង់ផ្លូវ១ខ្សែជូនដល់ប្រជាពលរដ្ឋ។
ការប្រកាសផ្ដល់ផ្លូវលំ១ខ្សែជូនពលរដ្ឋនេះ ធ្វើឡើងក្នុងឱកាសដែលលោកជំទាវបានអញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ២០០គ្រួសារក្នុងភូមិនេះ ដើម្បីពាំនាំនូវការសួរសុខទុក្ខ និងផ្ដល់ជាអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាខ្វះខាត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកស្រី ខៀវ ស៊ីណា បានឲ្យដឹងថា ខ្លួនពិតជាមានមោទនៈភាពបំផុត នៅពេលដែលឃើញបងប្អូនប្រជាពលរដ្ឋទាំងអស់ មានជីវភាពធូធារគ្រាន់បើជាងពីមុន និងរីករាយបំផុតជាមួយ នឹងការរីចម្រើនស្ទើគ្រប់វិស័យ ហើយបើប្រៀបធៀបនឹងរយៈពេលមុនគឺមានភាពខុសគ្នាឆ្ងាយណាស់ ដូចជា ប្រព័ន្ធអគ្គិសនី លំនៅដ្ឋាន ផ្លូវថ្នល់ជាដើម។ ភាពរីកចម្រើននេះបានសបញ្ជាក់ពីការរីកចម្រើន និងឆ្ពោះទៅមុខប្រកបដោយក្ដីសង្ឃឹម ក្រោមនយោបាយដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងមេត្តាធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងការខិតខំប្រឹងប្រែង និងតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីសុខសន្ដិភាព និងភាពរីកចម្រើននៃប្រទេសជាតិ។
លោកស្រីបន្ដទៀតថា ទោះបីស្ថិតក្នុងតំបន់ដាច់ស្រយាលមានការអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏លោកស្រីនៅតែបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋខិតខំឡើងទ្វេដងទៀត ដើម្បីទួលបានការអភិវឌ្ឍថ្មីៗបន្ថែម សម្រាប់មុខមាត់មូលដ្ឋាននិងអនាគតកូនចៅ ជំនាន់ក្រោយៗ។
លោកស្រី ដើម្បីបន្ដសុខសន្ដិភាព និងភាពរីកចម្រើន លុះត្រាណាតែបងប្អូនប្រជាពលរដ្ឋ មានភាពប្រាកដប្រជា និងមានការជឿជាក់មកលើការដឹកនាំ
របស់រាជរដ្ឋាភិបាលនៃកម្ពុជា ជឿជាក់លើគណបក្សប្រជាជនកម្ពុជា ពិសេសការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងការរីកចម្រើនស្ទើគ្រប់វិស័យដូចបច្ចុប្បន្ន៕