(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានបន្ដប្រតិបត្តិការតាមបញ្ជារបស់នាយករដ្ឋមន្ដ្រី ដោយស្ទាក់ចាប់រថយន្ដដឹកលើសទម្ងន់ និងតទ្រុងខុសបច្ចេកទេស ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ប្រតិបត្តិការដោយមានការចូលរួមពីអាជ្ញាធរ និងមន្ដ្រីពាក់ព័ន្ធ ស្រាប់តែឃាត់បានរថយន្ដចំនួន៣គ្រឿង ដែលមានប្រវែងខុសលក្ខណៈបច្ចេកទេស ក្នុងនោះមួយគ្រឿង មានស្លាកលេខខេមរភូមិន្ទ ព្រមទាំងមានបិទផ្លាកនៅលើក្បាលរថយន្ដ ប៉ែកខាងឆ្វេងដាក់ថា «នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ»។
មន្ដ្រីសាលាខណ្ឌជ្រោយចង្វារ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងចំណោមរថយន្ដទាំង៣គ្រឿងនេះ មានរថយន្ដប្រភេទស្ទួចមួយគ្រឿង ពណ៌ត្រីអ៊ី (ទាហាន) ពាក់ស្លាកលេខខេមរភូមិន្ទ 3-3693 របស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ហើយដោយពិនិត្យឃើញថា ខុសលក្ខណៈបច្ចេកទេសតាមច្បាប់កំណត់នោះ ក្រុមការងារកាត់តំរឹមនៅនឹងកន្លែងតែម្ដង ខណៈដែលរថយន្ដ២គ្រឿងទៀត ក៏ត្រូវមានចំណាត់ការតាមច្បាប់យ៉ាងដូច្នេះផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុង ហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ។ រថយន្តដែលតទ្រុងខុសបច្ចេកទេសនេះ ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកគោ និងដឹកដំឡូងមីជាដើម។
សូមជម្រាបថា ក្នុងឆ្នាំ ២០១៧ រដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣,៦៥៧ គ្រឿង (មួយគ្រឿងអាចពិនិត្យុច្រើនជាងមួយដង) ក្នុងនោះមាន ២,៩៥៣គ្រឿង ដឹកលើសចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥,៧៧៨,៨២០,០០០រៀល។ ត្រួតពិនិត្យរថយន្តកែច្នៃកាត់តទ្រុងខុសបច្ចេកទេសចំនួន ២៣,៦៧៨គ្រឿង បានកាត់ទ្រុងចេញ ១,២១៥គ្រឿង បានអប់រំ ណែនាំ ៥៤៥គ្រឿង និងដោះរៀនតខាងក្រោយ ៤៧៣គ្រឿង។ ត្រួតពិនិត្យរថយន្តកែច្នៃ កាត់ទ្រុងឡាន យានដ្ឋាន ជួសជុល មានយានដ្ឋានសរុប ៣០៦០ (១៨១៩មានច្បាប់) យានដ្ឋានកែដច្នៃដំឡើងមាន ១៧៧យានដ្ឋាន (មានច្បាប់ ១២៩)៕