(ស្ទឹងត្រែង)៖ សត្វត្រយ៉ងយក្ស ដែលជាសត្វកម្របានឃើញ ហើយមានប្រមាណជាង២០០ក្បាលប៉ុណ្ណោះ នៅលើពិភពលោកត្រូវបានអ្នកនាំភ្ញៀវទេសចរ ក្នុងខេត្តស្ទឹងត្រែង ប្រទះឃើញសត្វដ៏កម្រមួយក្បាលនេះ នៅក្រោមផ្ទះអ្នកភូមិនៅតំបន់រ៉ាមសារ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ហើយត្រូវបានក្រុមអង្គការ ACCB នាំយកទៅសង្គ្រោះបន្ទាន់នៅខេត្តសៀមរាប។
លោក ហួត វុទ្ធារ៉ា ជាអ្នកនាំភ្ញៀវទេសចរប្រចាំខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅគ្រាដែលលោកបាននាំភ្ញៀវទេសចរ ទៅកាន់ឃុំអូរស្វាយលោកបានប្រទះឃើញ សត្វត្រយ៉ងយក្សមួយក្បាលគ្រុង នៅក្រោមផ្ទះអ្នកភូមិ ហើយលោកក៏បានសុំទិញពីអ្នកភូមិ ក្នុងតម្លៃ៤០,០០០រៀល ក្នុងគោលបំណងយកទៅព្រលែង ក្នុងព្រៃលិចទឹកស្ថិត ដើម្បីឲ្យសត្វកម្រមួយនេះ បានទៅកាន់សំបុក ឬជួបជុំគ្រួសាររបស់គេវិញ តែជាអកុសលសត្វត្រយ៉ងយក្សមួយក្បាលនេះ ហើរមិនបាន១៥ម៉ែត្រផង ក៏ធ្លាក់ចូលក្នុងទឹកទន្លេមេគង្គ។
លោកថា ក្រោយពីសត្វត្រយ៉ងយក្សបានធ្លាក់ចូលក្នុងទឹក លោក និងក្រុមអ្នកទេសច ក៏បានសម្រេចចិត្តនាំយកសត្វដ៏កម្រមួយក្បាលនេះ ទៅខេត្តស្ទឹងត្រែង ដើម្បីថែបំប៉ន និងឲ្យចំណីទឹកឲ្យមានកម្លាំងមាំទាំឡើងវិញ។
លោក ហួត វុទ្ធារ៉ា បន្តថាលោកបានរាយការណ៍ ទៅប្រធានឧទ្យានុរក្សតំបន់រ៉ាមសារ ឃុំអូរស្វាយ លោក នី មុល និងអនុប្រធានសហគមន៍ទេសចរណ៍ បូរីអូរស្វាយផងដែរ ដើម្បីនាំយកសត្វត្រយ៉ងយក្សមួយក្បាលនេះ មកកាន់ខេត្តស្ទឹងត្រែង។
ជាមួយគ្នានេះផងដែរលោក ក៏បានជូនដំណឹងទៅអង្គការ WWF ដែលមានទីតាំងនៅខេត្តក្រចះ ហើយអង្គការ WWF បានរាយការណ៍បន្តទៅកាន់អង្គការ ACCB ដែលមានវេជ្ជបណ្ឌិតផ្នែកសត្វមកជាមួយផងដែរ ពីខេត្តសៀមរាបដើម្បីមកទទួលយកសត្វត្រយ៉ងយក្សមួយក្បាលនេះ ទៅសង្គ្រោះ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
កញ្ញា JULIE វេជ្ជបណ្ឌិតផ្នែកសត្វមកពីខេត្តសៀមរាប បានឲ្យដឹងថាក្រោយពីពិនិត្យសត្វត្រយ៉ងយក្សនោះ រកឃើញថាសត្វត្រយ៉ងយក្សបានបាក់ស្លាបឆ្វេង និងមានសុខភាពមិនសូវល្អ ហើយត្រូវនាំទៅថត X-Ray ពិនិត្យឈាមរកមូលហេតុដើម្បីធ្វើការព្យាបាលនៅខេត្តសៀមរាប។
អ្នកនាំភ្ញៀវទេសចរខេត្តស្ទឹងត្រែង លោក ហួត វុទ្ធារ៉ាជា បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជាទាំងអស់ នាំគ្នាជួយអភិរក្សសត្វកម្រមួយនេះ និងសត្វកម្រផ្សេងទៀត ដើម្បីរក្សាឲ្យកូនចៅជំនាន់ក្រោយបានឃើញបានស្គាល់ ព្រោះថាអ្នកខ្លះនៅមិនទាន់ស្គាល់សត្វត្រយ៉ងយក្សមួយនេះផងនោះទេ។
សត្វត្រយ៉ងយក្សជាសត្វ ដែលតំណាងបក្សីជាតិ ហើយជាសត្វដែលស្ទើផុតពូជនៅលើពិភពលោក, សត្វត្រយ៉ងយក្សនេះ មានសរុបតិចជាង៣០០ក្បាលប៉ុណ្ណោះ ក្នុងនោះមាន១០ក្បាលរស់នៅប្រទេសឡាវ មួយចំនួនបានផុតពូជនៅប្រទេសវៀតណាម និងនៅសល់ច្រើនជាងគេ គឺស្ថិតនៅតំបន់រ៉ាមសារ និងស្រុកសៀមប៉ាង និងខេត្តមណ្ឌលគិរី៕