(កណ្តាល)៖ គ្រួសារក្រីក្រ និងចាស់ជរាដែលមានសុខភាពទ្រុឌទ្រោម២០គ្រួសារ រស់នៅក្នុងក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល និងប្រជាការពារភូមិ២០នាក់ផងដែរ ត្រូវបានក្រុមការងារថ្នាក់ជាតិដឹកនាំដោយ សន វី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ រួចឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិការមួយចំនួនផងដែរ។
ពិធីនេះធ្វើឡើងនាសប្តាហ៍នេះ ស្ថិតនៅក្នុងមន្ទីរបក្សឃុំព្រែកគយ ស្រុកស្អាង ដែលមានការចូលរួមពីលោក ញឹម វណ្ឌិន អភិបាលនៃគណៈអភិបាលស្រុកស្អាង និងមេឃុំ មេភូមិ និងប្រជាពលរដ្ឋក្រីក្រចំនួន២០គ្រួសារ ប្រជាការពារ៥ភូមិស្មើរនឹង២០នាក់ផងដែរ។
លោក ញឹម វណ្ឌិន អភិបាលស្រុកស្អាង បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋក៏ដូចជា ប្រជាការពារទាំង៥ភូមិ លោកមេភូមិ មេឃុំថា គណបក្សប្រជាជនយកចិត្តទុកដាក់ ទាំងសុខភាព ទុក្ខលំបាកប្រជាជន និងអភិវឌ្ឃន៍។
លោក សន វី ប្រធានក្រុមការងារចុះជួយឃុំព្រែកគយ បានណែនាំដល់ក្រុមការងារតាមរយៈស្រុក ឃុំ ភូមិ ឲ្យចុះពិនិត្យតាមគ្រួសារពលរដ្ឋគ្រប់ភូមិ និងស្រង់ឈ្មោះពួកគាត់មក បើពិនិត្យទៅឃើញថា គ្រួសារនោះក្រីក្រលំបាកពិតប្រាកដនោះ ហើយលោកប្រធានបាននាំជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនចុះមកជួយជាបន្ទាន់។
លោកបានបន្តថា «ស្រុកយើងសប្បូរសប្បាយដូច្នេះ យើងមិនអាចទុកឲ្យពលរដ្ឋណាម្នាក់ រស់នៅដោយអត់ឃ្លាននោះទេ បុច្ចុប្បនេះ ស្រុកស្អាង មានការអភិវឌ្ឍន៍ច្រើន ដោយផ្លូវថ្នល់ខ្វែងខ្វាត់ បេតុង និងក្រាលកៅស៊ូ ពលរដ្ឋធ្វើដំណើរបានងាយស្រួល កាត់បន្ថយពេលវេលាចំណេញទាំងថវិកា។ ហើយបន្តិចទៀតនេះនឹងមានភ្លើងបំភ្លឺផ្លូវ រួមទាំងសួនច្បារនៅមុខវត្តព្រែកតូច ដោយមានរូបហង្ស ដ៏ស្រស់ស្អាងនៅកណ្តាលសួនផងដែរ ដែលជានិមិត្តរូបស្រុកយើងសប្បូរសប្បាយ»។
ជាមួយគ្នានោះ លោក សន វី បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ និងប្រជាការពារភូមិថា ក្នុងនាមលោកជាប្រតិរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកគយផងដែរនោះ លោកតែងតែគិតគូជានិច្ចពីសុខទុក្ខបងប្អូន ជាពិសេសនោះអ្នកមីង លោកពូ ជាមនុស្សចាស់ជរា និងមានជំងឺថែមទៀតនោះ តាមរយៈលោកអភិបាលស្រុកជំរុញអាជ្ញាធរភូមិ ឃុំ ឲ្យពិនិត្យជាប្រចាំចំពោះពលរដ្ឋ នៅក្នុងមូលដ្ឋាន។
ជាក់ស្តែងដូចពេលនេះ ក្រោយពីលោកទទួលព័ត៌មានថា បងប្អូនប្រជាពលរដ្ឋទាំង២០គ្រួសារ ជួបការលំបាកជីវភាពគ្រួសារប្រចាំថ្ងៃ លោកបានសហការជាមួយលោកអភិបាលស្រុក ចុះមកជួយភ្លាម។ សកម្មភាពនេះលោកតែងតែធ្វើមកជាបន្តបន្ទាប់ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ឲ្យតែពលរដ្ឋជួបទុកលំបាកនោះ។
អំណោយដែលបានឧបត្ថម្ភដល់គ្រួសារក្រីក្រ និងចាស់ជរា២០គ្រួសារនោះ ដោយក្នុងមួយគ្រួសារទទួលបានអង្ក១បាវ ៥០គីឡូគ្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីវអ៊ីវ១យួរ និងថវិកា៥០០០០រៀល និងបានឧបត្ថម្ភដល់ដល់ប្រជាការពារឃុំ២០នាក់ ក្នុងម្នាក់២០០០០រៀល និងមេភូមិ មេភូមិរង៩នាក់ ម្នាក់ទទួលបាន២០០០០រៀលផងដែរ។
ក្រោយមកលោក សន វី រួមនិងក្រុមការងារចុះមកពិនិត្យសំណង់រូបសំណាក់ហង្ស នៅមុខវត្តព្រែកតូចដែលកំពុងសាងសង់ បានប្រហែលជា៨០ភាគរយហើយនោះ៕