(បាត់ដំបង)៖ ​បន្ទាប់ពីមន្រ្តីសាខាពន្ធដារខេត្តបាត់ដំបង បានធ្វើការសម្របសម្រួលជាមួយម្ចាស់រថយន្ត នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ក្រោយមានប៉ះទង្គិចពាក្យសម្ដីរវាងមន្ត្រីពន្ធដារ និងប្រជាពលរដ្ឋ រឿងផាកពិន័យរថយន្ត១គ្រឿងនោះ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ម្ចាស់រថយន្ត បាន​សរសេរលិខិត សុំទោសជាសាធារណៈ ទៅមន្រ្តីពន្ធដារ និងសមត្ថកិច្ច ហើយសមត្ថកិច្ចបានប្រគល់រថយន្តជូនម្ចាស់ដើមវិញផងដែរ បន្ទាប់ពីម្ចាស់រថយន្ត​យល់ព្រមបង់ពន្ធគ្រប់ចំនួន តាមច្បាប់សារពើពន្ធ។

លោក ហេង ជំនិត ប្រធានសាខាពន្ធដារខេត្តបាត់ដំបង បានឲ្យដឹងថា យោងតាមលិខិតបង្គាប់ការ លេខ​១១៦៥ អពដ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធដារ ស្ដីពីការបង្កើតគណៈកម្មាការត្រួតពិនិត្យ ការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៧, តាមសេចក្ដីសម្រេចលេខ០១៩ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ របស់អភិបាល​ខេត្តបាត់ដំបង ស្ដីពីការបង្កើតក្រុមត្រួតពិនិត្យ ការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧ និង​លិខិតបញ្ជាបេសកកម្មលេខ ០២៣/១៨​ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨, សាខាពន្ធដារខេត្តបាត់ដំបង បានចុះត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ដោយលោកបានចាត់ឲ្យមន្រ្តីជំនាញចុះតាមគោលដៅ ឬចល័ត ដោយសហការជាមួយកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីត្រួតពិនិត្យយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍លើដងផ្លូវ។

នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៣៖១៥នាទី​រសៀល ក្រុមត្រួតពិនិត្យការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៧ នៅត្រង់ចំណុចត្រួតពិនិត្យអូរសណ្ដាស់ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បានឃាត់រថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស (TOYOTA PRIUS) ពណ៌ឈាមជ្រូក ពុំមានស្លាកលេខ ដែលមានម្ចាស់ឈ្មោះ ហេង សុងហាក់ ជាអ្នកបើកបរ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យលើឯកសាររបស់រថយន្ត ឃើញថាម្ចាស់រថយន្តមានតែបង្កាន់ដៃពន្ធនាំចូលយានយន្ត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានចុះលេខ និងកាលបរិច្ឆេទ 2015 V 888-16 18/12/2015 និងវិក្កិយបត្រលក់រថយន្តពុំមានសរសេរព័ត៌មាន និងចុះកាលបរិច្ឆេទអ្វីទាំងអស់។

​ដោយយោងទៅតាមបង្កាន់ដៃពន្ធនាំចូល យានយន្តខាងលើ ក្រុមត្រួតពិនិត្យបានពន្យល់ និងសម្រេចឲ្យម្ចាស់រថយន្ត បង់ប្រាក់ពន្ធដែលខ្លួនខកខាន មិនបានបង់ឡើងវិញ ប៉ុន្តែម្ចាស់រថយន្តបានឆ្លើយថា ​ខ្លួនពុំមានប្រាក់សម្រាប់បង់ពន្ធនោះទេ ជាគោលការណ៍បើម្ចាស់រថយន្តណា ពុំបានជាប់លុយគ្រប់គ្រាន់ សម្រាប់បង់ផាកពិន័យ គឺតម្រូវឲ្យកក់លុយមួយចំនួន រួចចេញបង្កាន់ជូនទុកពេលឲ្យម្ចាស់រថយន្ត យកលុយទៅបង់បង្រ្គប់នៅសាខាពន្ធដារខេត្ត តាមក្រោយតាមពេលកំណត់។ ជាក់ស្តែងពេលមន្រ្តី​ធ្វើកំណត់ហេតុបង់តម្កល់លុយ​១០ម៉ឺនរៀល តែម្ចាស់រថយន្តមិនព្រម ក៏កើតទំនាស់ពាក្យសម្តីជាមួយគ្នាតែម្តង រួចចាប់ស្ទូចរថយន្តទៅទុកនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​។

បន្ទាប់ពីមន្រ្តីជំនាញ បានធ្វើការស្រាវជ្រាវមក ឃើញលទ្ធផលថា ទីតាំងលក់រថយន្តនៅភ្នំពេញ និងវិក័យបត្រជាក្រដាសសពុំមានសរសេរអ្វីសោះនោះ ពុំស៊ីសង្វាក់គ្នាឡើយ តែទោះជាយ៉ាងណាសាខាពន្ធដារខេត្ត បានអញ្ជើញភាគីរថយន្តនេះ មកសម្របសម្រួលគ្នា មានការឯកភាពគ្នា​ព្រមបង់ពន្ធគ្រប់ចំនួន និងសម្រួលឲ្យយករថយន្ត ចេញដោយបានធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ ដល់មន្រ្តីអនុវត្តកំពុងអនុវត្តច្បាប់ មានមន្រ្តីពន្ធដារខេត្ត មន្រ្តីនគរបាលចរាចរណ៍ខេត្ត និងមន្រ្តីកងរាជអាវុធហត្ថខេត្ត​ដើម្បីបញ្ចប់រឿង។ ក្រោយពីបានធ្វើលិខិតស្នាមរួចរាល់អស់ហើយ មន្រ្តីនគរបាលចរាចរណ៍ បានធ្វើលិខិតប្រគល់ ទទួលរថយន្តឲ្យទៅម្ចាស់ដើមវិញ៕