(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលខណ្ឌទួលគោក បានបញ្ជូនស្ត្រីសង្ស័យ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីពាក់ព័ន្ធករណី ចរាចរប្រាក់ក្លែងក្លាយ។ នៅពេលនេះជនសង្ស័យទាំងពីរនាក់ ស្ថិតក្រោមចំណាត់ការរបស់លោក រៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការថា ជនសង្ស័យទាំង២នាក់ទី១ឈ្មោះ លី ស្រីពៅ អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្ដៅ ឃុំល្វារលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងទី២ឈ្មោះ ចាន់ សារ៉េត អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួន កាលពីថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ ចំណុចផ្ទះសំណាក់ ឌីឌី មានទីតាំងផ្ទះលេខ៥៧D ផ្លូវលេខ២៣០ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោក និងចរាចររូបិយប័ណ្ណក្លែង (ប្រាក់ដុល្លារក្លែងក្លាយ)។

នគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហេង វង្សរ៉ាឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធានាគារ និងជាម្ចាស់ផ្ទះសំណាក់ យីហោ ឌីឌី ស្នាក់នៅផ្ទះលេខ៥៧D ផ្លូវ លេខ២៣០ ក្រុមទី១៧ ភូមិ ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ក្រដាសប្រាក់ដុល្លារក្លែងក្លាយចំនួន៧៤០$, ម៉ូតូមួយគ្រឿងម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1F-3914, ទូរស័ព្ទចំនួន០២គ្រឿងម៉ាក Samsung ពណ៌០១ គ្រឿង និងម៉ាក Vfone ពណ៌ខ្មៅ០១គ្រឿង៕