(កំពង់ធំ)៖ លោក ជា ចាន់តូ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសន្ទុក បានក្រើនរំលឹកដល់ សមាជិកសមាជិកាបក្សប្រជាជនកម្ពុជា ប្រចាំខេត្តកំពង់ធំ ទាំងអស់ឲ្យចូលរួមគ្នា បម្រើប្រជាពលរដ្ឋ ឲ្យបានល្អ និងមានប្រសិទ្ធភាព ពិសេសត្រូវលុបបំបាត់អំពើពុករលួយ បក្សពួកនិយម គ្រួសារនិយម ត្រូវចេះរួបរួមគ្នា សហការក្នុងការលើកកំពស់ការប្តេជ្ញាចិត្ត ខាងនយោបាយឲ្យបានមុតមាំ ធ្វើសកម្មភាពឲ្យបានខ្លាំងក្លា និងព្រមៗគ្នាឆ្ពោះទៅកាន់គោលដៅតែមួយរួមគ្នា ក្នុងការដណ្តើមឲ្យបានជ័យជម្នះ ក្នុងការបោះឆ្នោតជាតិលើកទី៦ ដែលជាការបោះឆ្នោតដ៏សំខាន់បំផុតសម្រាប់គណបក្ស។
ការលើកឡើងបែបនេះរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុង ពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស និងគោលការសំខាន់ៗ នៃកម្មវិធីនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា សម្រាប់ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ និងការអនុវត្ដែតផែនការឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្រុកសន្ទុក នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
នាឱកាសនោះដែរលោក ជា ចាន់តូ បានណែនាំដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ធ្វើការប្រកាន់ខ្ជាប់នូវគោលជំហរមុត មាំក្នុងការអនុវត្តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងកម្មវិធីនយោបាយរបស់គណបក្ស ក៏ដូចជារបស់រាជរដ្ឋាភិបាលឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនប្រជាប្រិយភាពរបស់គណបក្ស សំដៅរក្សាជ័យជំនះ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ នាពេលខាងមុខ៕