(សេអ៊ូល)៖ ឆ្លើយតបចំពោះការព្រងើយកន្តើយ របស់អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) ចំពោះការដើរក្បួនជាប្រវត្តិសាស្រ្ត ដោយបងប្អូនកូរ៉េទាំងពីរ នៅក្នុងឱកាស នៃការបើកព្រឹត្តិការណ៍អូឡាំពិករដូវរងាលើកទី ២៣ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានលើកឡើងនាថ្ងៃសៅរ៍នេះថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែង សំដៅរកសន្តិភាព តាមរយៈវិស័យកីឡាក៏ដោយ បញ្ហានយោបាយដ៏ស្មុគស្មាញនឹងនៅតែបន្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Mike Pence បានស្ថិតក្នុងចំណោមបណ្តាមេដឹកនាំដទៃទៀត ដែលបានចូលរួមក្នុងពិធីបើក ការប្រកួតកីឡាអូឡាំពិករដូវរងា នៅក្រុងព្យឿងចាង (PyeongChang) ហើយក៏មានវត្តមានអ្នកនាង គីម យ៉ូចុង ប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ព្រមទាំងប្រធានសភាកូរ៉េខាងជើង លោក គីម យ៉ុងណាំ ផងដែរ។
ក្នុងន័យបង្ហាញឲ្យឃើញពីការបង្រួបបង្រួមគ្នា អត្តពលិក និងមន្រ្តីកីឡា នៃប្រទេសកូរ៉េទាំងពីរ បានដើរក្បួនរួមគ្នា នៅក្រោមទង់រួបរួមតែមួយ។ នាឱកាសដែលមនុស្សគ្រប់ៗទន្ទឹងរង់ចាំនេះ លោក Mike Pence បានអង្គុយចុះ និងនៅស្ងៀមជាមួយភរិយាស្របពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង, ប្រធានគណៈកម្មាធិការ IOC, និងមេដឹកនាំមកពីប្រទេសដទៃទៀតជុំវិញពិភពលោក បានក្រោកឈរឡើង ដើម្បីសម្តែងការស្វាគមន៍ជាខ្លាំង។
គួរជម្រាបថា អ្នកនាង យ៉ូចុង និងលោក គីម បានអង្គុយនៅកន្លែង VIP ជាមួយលោក មូន លោក Pence និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ពោលគឺសុទ្ធតែជាមេដឹកនាំប្រទេស ដែលចង់ដាក់សម្ពាធឲ្យទីក្រុងព្យុងយ៉ាង ទម្លាក់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនចុះ។ នាអំឡុងពេលនោះ អ្នកនាង យ៉ូចុង និងលោក Pence មិនបានចាប់ដៃរាក់ទាក់ស្វាគមន៍ ឬសូម្បីក្រឡេកមើលមុខគ្នា។
ម៉្យាងវិញទៀត លោក Pence ក៏បានបង្វៀងមិនជួបមុខជាមួយ លោក គីម យ៉ុងណាំ ក្នុងឱកាសពិធីជប់លៀងអាហារពេលល្ងាច ដែលរៀបចំឡើងដោយលោក មូន កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ នៅប៉ុន្មានម៉ោងមុនការបើកព្រឹត្តិការណ៍អូឡាំពិករដូវរងា ផងដែរ ដែលសកម្មភាពទាំងពីរបានស្តែងឲ្យឃើញយ៉ាងច្បាស់ពីទំនាក់ទំនងដ៏ដុនដាប រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង៕