(ត្បូងឃ្មុំ)៖ ដើម្បីបង្កើនសុវត្ថិភាពនូវគុណភាពទំនិញជាម្ហូបអាហារ និងដោយមានការយកចិត្តទុកដាក់ពីអគ្គនាយកដ្ឋានកាំកុងត្រូល ពិសេសសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ លើសុខភាពបងប្អូនប្រជាពលរដ្ឋនោះ នៅមុនឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ល៉ិក វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូល បន្តចុះត្រួតពិនិត្យគុណភាពទំនិញ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ស្ថិតក្នុងផ្សារចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោក ល៉ិក វុត្ថា បានថ្លែងថា ដើម្បីធានាសុវត្ថិភាពចំនីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ លោកផ្ទាល់ ពិសេសលោក មាស មោរ៉ា ប្រធានសាខាកាំកុង ត្រូលខេត្តត្បូងឃ្មុំ រួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ពន្ធតែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ ក្នុងគោលបំណងចំបង ចង់ឲ្យប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ លើសពីនេះអាចឲ្យគាត់យល់ដឹងដោយខ្លួនឯងនៅរបៀបជ្រើសរើសម្ហូបអាហារណាដែលមានសុវត្ថិភាពយកមកលក់ និងទទួលទាន។
លោក ល៉ិក វុត្ថា បានបន្តថា បន្ទាប់ពីបានពិនិត្យតេស្តឃីដភ្លាមៗ ទៅលើ អំបិលអ៊ីយ៉ូត និងធ្វើតេស្តទៅលើស្ករត្នោត ដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើរួចមក គឺទទួលបានលទ្ធផលល្អ ដោយអំបិលពិតជាផ្ទុកនូវសារធាតុអ៊ីយ៉ូត និងស្ករត្នោតពុំបានរកឃើញវត្តមានសារធាតុគីមី ហាមឃាត់នោះទេនៅក្នុងផលិតផលស្ករត្នោតឡើយ ហើយជាពិសេសទៅទៀតនោះមន្ត្រីកាំកុងត្រូល បានត្រួតពិនិត្យ ផលិតផលម្ហូបអាហារ ដាក់លក់ក្នុងផ្សារ ទទួលបានលទ្ធផលល្អដោយពុំបានប្រទះឃើញ ទំនិញដែលខូចគុណភាពសំបកប៉ោងកំប៉ិត ច្រេះ និងហួសកាលបរិច្ឆេទ ប្រើប្រាស់នោះឡើយដែលនេះបង្ហាញឲ្យឃើញថាបន្ទាប់ពីមន្ត្រីកាំកុងត្រូលតែងចុះពិនិត្យ និងណែនាំជាប្រចាំកន្លងមកធ្វើឲ្យអាជីវករលក់ដូរ យល់ដឹងច្រើនជាក់ស្តែងលទ្ធផលដ៏ល្អដែលទទួលបានក្រោយចុះពិនិត្យនាថ្ងៃនេះ។
ជាក់ស្តែង ក្រោយការពិនិត្យលើបន្លែទាំងនោះ ជំនាញមិនបានប្រទះឃើញបន្លែដែលសល់យូរស្អុយរលួយ ដែលបណ្តាលឲ្យខូចគុណភាពនោះទេ។ ទន្ទឹមនឹងនោះមន្ត្រីកាំកុងត្រូល បានយកបន្លែជាគំរូរទាំងនោះ បញ្ជូនទៅមន្ទីរពិសោធនិ៍ របស់អគ្គនាយកដ្ខានកាំកុងត្រូល ដើម្បីវិភាគរកសារធាតុគីមី ហាមឃាត់ដែលបណ្តាលខូចសុខភាព អ្នកទទួលទានជាបន្តទៀត។
ជាមួយគ្នានោះដែរលោក ល៉ិក វុត្ថា ក៏បានណែនាំឲ្យមន្ត្រីកាំកុងត្រូល គ្រប់ច្រកល្ហកទាំងអស់ ឲ្យយកចិត្តទុកដាក់ពង្រឹង និងបង្កើនសកម្មភាព ត្រួតពិនិត្យទំនិញ នៅតាមព្រំដែន ពិសេសម្ហូបអាហារនាំចូល ក្នុងន័យធ្វើយ៉ាងណាធានាសុខភាពជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបានចូលរួមសង្កេត នូវការចុះត្រួតពិនិត្យ របស់មន្ត្រីកាំកុងត្រូលខេត្តដោយបង្ហាញនូវទឹកចិត្តរីករាយ ដែលអាជីវករលក់ដូរនូវទំនិញ មិនមានផ្ទុកនូវសារធាតុគីមី ជាពិសេសនោះគឺគ្រប់ពេលពួកគាត់តែងតែទទួលបាននូវការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ និងមន្ត្រីមូលដ្ឋានបែបនេះ៕