(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើអាមេរិកពិចារណា ក្នុងការដកបំរាមចំពោះមន្រ្តីការទូតកម្ពុជា ចូលទឹកដីអាមេរិក បន្ទាប់ពីអាមេរិកបានផ្អាកចេញទិដ្ឋាការប្រភេទ B1 ប្រភេទ B2 និងប្រភេទ B1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពី ថ្នាក់អគ្គនាយករហូតដល់ ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ ចាប់ពីខែកញ្ញា ឆ្នាំ២០១៧កន្លងមកនេះ។
សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា កម្ពុជាបានឯកភាពបន្តការធ្វើមាតុភូមិន្ទនិវត្តន៍ពលរដ្ឋកម្ពុជា ដែលបានប្រព្រឹត្តិបទល្មើស នៅសហរដ្ឋអាមេរិក មកកម្ពុជាវិញ តាមការស្នើរបស់អាមេរិកដោយផ្អែកលើកិច្ច ព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីឆ្នាំ២០០២ និងឆ្នាំ២០០៣កន្លងមក ដោយសម្ដេចថា កម្ពុជាមិនដែលគេចវេសក្នុងការទទួលពលរដ្ឋកម្ពុជា ដែលអាមេរិកនឹងបញ្ជូនមកទេ ប៉ុន្តែអ្វីៗត្រូវឆ្លងកាត់ការពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ។
ក្នុងជំនួបជាមួយលោក ដាញ៉ែល រ៉ូសែល (Daniel R.Russel) ឧបការី រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៍ និងប៉ាស៊ីហ្វិកដើម្បីពិភាក្សាការងារ នៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង សង្ឃឹមថា អាមេរិកនឹងពិចារណា ក្នុងការដកចេញនូវបំរាមទិដ្ឋាការ ដល់មន្រ្តីការទូតកម្ពុជាដែលអាមេរិកដាក់កន្លងមក។
ការស្នើរបស់ភាគីកម្ពុជានេះ លោក ដាញ៉ែល រ៉ូសែល មិនទាន់មានការឆ្លើយ តបបែបណានោះទេ ដោយលោកបានលើកឡើងថា បញ្ហានេះគឺទុកលទ្ធភាពឲ្យក្រុមការងារភាគីទាំងពីរ ពិនិត្យពិភាក្សាគ្នាបន្ថែមទៀត ដើម្បីស្វែងរកចំណុចរួមនឹងភាពមិនចុះសម្រុងគ្នា និងបញ្ហាផ្សេងៗ ជុំវិញការបញ្ជូន ត្រឡប់ពលរដ្ឋកម្ពុជាដែលមានទោស នៅអាមេរិកមកកាន់កម្ពុជាវិញនេះ។
សូមជម្រាបថា យោងតាមមាត្រា 243(d) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅពេលទទួលបានសំណើពី រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្រប ដើម្បីពន្យារពេលទទួលយកពលរដ្ឋ នៃប្រទេសរបស់ពួកគេវិញនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកត្រូវបញ្ជាឲ្យមន្ត្រីកុងស៊ុល បញ្ឈប់លែងផ្តល់ទិដ្ឋាការរហូតទាល់តែរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ ទទួលបានព័ត៌មានថា ប្រទេសដែលពាក់ព័ន្ធទាំងនោះ បានយល់ព្រមទទួលយកពលរដ្ឋរបស់គេវិញហើយ៕