(សៀមរាប)៖ នៅព្រឹកថ្ងៃសៅរ៍១០រោច ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សហភាពសហព័ន្ធយុជនកម្ពុជា (ស.ក.យ.ក) បានជូនលិខិតថ្លែងអំណរគុណ ជូនចំពោះ អ្នកសារព័ត៌មានចំនួន១៧រូប ដែលបានចូលរួមស្ម័គ្រចិត្ត ក្នុងព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» ដែលបានធ្វើឱ្យព្រឹត្តិការណ៍នា៥ឆ្នាំ (២០១៣-២០១៧) កន្លងទៅនេះ ទទួលបានជោគជ័យ ក្នុងការផ្សព្វផ្សាយលើកតម្កើងវប្បធម៌ ប្រពៃណីជាតិ ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។

លិខិតថ្លែងអំណរគុណនេះ ត្រូវបានចែកជូនដល់សាមីជន ក្នុងអធិបតីភាពរបស់លោក សោម រតនា ប្រធាន​ប្រតិបត្តិ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ លោក ជួប ចាន់ភារុណ អគ្គនាយករងព័ត៌មាន និងសោតទស្សរ៍ នៃក្រសួងព័ត៌មាន និងលោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និងវត្តមានអ្នកសារព័ត៌មាន តំណាងឱ្យអង្គភាព នៃបណ្ដាញព័ត៌មាន និងក្រុមការងារ ស.ក.យ.ក ផងដែរ ។

លោក សោម រតនា បានថ្លែងថា តាមរយៈបណ្ដាំសួរសុខទុក្ខ និងការថ្លែងអំណរគុណ ជូនចំពោះ អ្នកសារព័ត៌មានទាំង១៧រូបរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ក.យ.ក លិខិតនៅគឺដើម្បីថ្លែងអំណរគុណ អ្នកសារព័ត៌មាន ដែលបានចូលរួមស្ម័គ្រចិត្ត ក្នុងព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» ដែលបានធ្វើឱ្យព្រឹត្តិការណ៍នា៥ឆ្នាំ (២០១៣-២០១៧) កន្លងទៅនេះ ទទួលបានជោគជ័យ ក្នុងការផ្សព្វផ្សាយ លើកតម្កើងវប្បធម៌ ប្រពៃណីជាតិ ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ ដើម្បីទុកជាសក្ខីភាព នៃការចូលរួមប្រកបដោយអត្ថន័យ និងការលះបង់ខ្ពស់ ដោយឈរលើស្មារតីរួបរួមគ្នា តែមួយក្រោមទិសស្លោក "យើងជឿជាក់លើកម្ពុជា"៕