(ព្រះវិហារ)៖ លោក ផាន់ សាមន្ថា ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានជំរុញឲ្យមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវបន្តពង្រឹងការងារគណបក្ស ជាមួយសមាជិកសមាជិកា របស់គណបក្សដោយចុះប្រជុំ និងចុះជួបដោះស្រាយបញ្ហា ឬសំណូមនានារបស់សមាជិក ក៏ដូចជា ពលរដ្ឋតាមសហគមន៍មូលដ្ឋានជាប្រចាំមិនត្រូវធ្វេសប្រហែសឡើយ។

លោក ផាន់ សាមន្ថា បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាំងទូទាំងប្រទេស ដោយមានការចូលរួមពីសមាជិកប្រមាណ២០០នាក់ នាថ្ងៃទី៩ ខែកុម្ភ:​ ឆ្នាំ២០១៨ម្សិលមិញ។

លោក ផាន់ សាមន្ថា បានរំលឹក និងជម្រុញឲ្យមន្ត្រីគណបក្សក្នុងក្រុមការងារចុះជួយ និងក្នុងមូលដ្ឋាននិមួយៗ បន្តចុះផ្សព្វផ្សាយបន្ថែមដល់គ្រប់គោល ដៅផង និងចុះដោះស្រាយសេចក្តីត្រូវការ និងសំណូមពរក៏ដូចជា ប្រាស្រ័យសួរសុខទុក្ខ ចិញ្ចឹមចលនាទស្សននយោបាយគណបក្សជាមួយសមាជិក និងពលរដ្ឋរស់រវើកជាប្រចាំផងដើម្បី ឲ្យពួកគាត់បន្តជឿជាក់ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គ្រប់ការបោះឆ្នោតទាំងអស់។

ក្នុងនោះលោក ​ផាន់ សាមន្ថា បានរំលឹកពីប្រវត្តិខ្លី និងអត្ថន័យសំខាន់ នៃមហាសន្និបាតសាមញ្ញ និងមហាសន្និបាតវិសាមញ្ញ និងសេចក្តីសម្រេចិត្ត របស់អង្គការចាត់តាំងនយោបាយកំពូលនេះ ក្នុងការដាក់ចេញ នូវគោលនយោបាយអោយរាជរដ្ឋាភិបាលអនុវត្តលើកការអភិវឌ្ឍន៍ និងការពារជាតិមាតុភូមិ ប្រជាជនកម្ពុជាឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្តទៀតត។

លោក ផាន់ សាមន្ថា បានរំលឹកលើកឡើងពីតួនាទី ភារកិច្ចបន្ទាន់ បន្តបន្ទាប់ចំពោះមុខ និងទៅខាងមុខរបស់មន្ត្រីក្រុមការងារគណបក្សចុះជួយ គ្រប់ថ្នាក់ មន្ត្រីគណបក្សមូលដ្ឋាន និងសមាជិកគណបក្ស ថាត្រូវតែអនុវត្តអោយបានសម្រេចជោគជ័យក្នុងប្រៀបឈ្នះរបស់ខ្លួនផងដែរ។ ក្នុងនោះគណបក្សស្រុក និងគណបក្សឃុំទាំង៥ គឺឃុំចំរើន ឃុំរណសិរ្ស ឃុំស្តៅ ឃុំរអាងនិងឃុំត្បែង១ ទោះជាភូមិសាស្ត្រ នៅដាច់ឆ្លាយៗ ក៏ត្រូវធ្វើឲ្យសកម្មផុលផុសហើយមិនត្រូវមើលស្រាលសភាពការណ៍ ឬធ្វេសប្រហែសឡើយបើទោះបីជាគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង ត្រូវបានរំលាយព្រោះតែមានបទល្មើស ក្បត់ជាតិនោះក៏ដោយ។

ក្នុងឱកាសនោះ លោក ផាន់ សាមន្ថា បានពន្លេចអភិក្រមសំខាន់១ ក្នុងចំណោម៤ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនោះ គឺចំណុចវះកាត់ដែលត្រូវវះកាត់ចេញនូវមន្ត្រី ឬបុគ្គលគណបក្ស ឬជាមន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចកងកម្លាំងណាមួយដែលធ្វើ ឲ្យបាត់បងផលប្រយោជន៍ប្រជាពលរដ្ឋ ធ្វើឲ្យបាត់បង់ប្រជាប្រិយភាព រាជរដ្ឋាភិបាល និងប្រជាប្រិយភាពគណបក្សប្រជាជនកម្ពុជានោះ។ ដូច្នេះមន្ត្រីត្រូវតែបន្តធ្វើល្អ និងបម្រើពលរដ្ឋឲ្យទន់ភ្លន់ រហ័សបំផុត។

លោក វ៉ា​ សេដ្ឋា អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកសង្គមថ្មី បានអានសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាំងទូទាំងប្រទេស នៃគណបក្សប្រជាជនកម្ពុជា ដែលបានដំណើរការកាលពីថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០១៨ កន្លងមក ដែលមាន៧ចំនុចសំខាន់ៗ និងគោលនយោបាយសំខាន់ៗ នៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដ៏ខ្លីខាងមុខ។

លោក សំ ហេង ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី បានស្វាគមន៍ និងលើកឡើងពីសភាពការណ៍ទូទៅ និងសកម្មភាពការងារគណបក្ស នៅស្រុកទាំ៥ឃុំ របស់ស្រុកសង្គមថ្មី នារយ:ពេលចុងក្រោយនេះ នៅតែត្រូវបានពង្រឹងជាប្រចាំផងដែរ៕