(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចាប់ឃាត់រថយន្តធុនធ្ងន់ ដើម្បីធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ចាប់តាំងពី​យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ម៉ោង១០នាទីព្រឹកថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានសរុបចំនួន៤៧គ្រឿង ហើយរថយន្ដដែលតទ្រុងខុសបច្ចេកទេស ត្រូវបានកាត់ចោលនៅនឹងកន្លែងតែម្ដង។

អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បរវ បានប្រាប់ Fresh News ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីម៉ោង០០នាទី មកដល់ម៉ោង១០ព្រឹកនាទីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈកម្មការក្រុមការងារត្រួតពិតនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត បានត្រួតពិនិត្យ៖
*រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស កាត់ទ្រុងចេញ ចំនួន​២គ្រឿង
*រថយន្តខុសលក្ខណ បច្ចេកទេស កំរិតអនុគ្រោះ១៤គ្រឿង
*រថយន្តត្រឹមត្រូវតាមច្បាប់ចំនួន២៣គ្រឿង
*ណែនាំរថយន្តមិនមានឯកសារ ចំនួន៣គ្រឿង។

លោកអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បានបញ្ជា​ដល់សមត្ថកិច្ចចម្រុះរួមមាន ស្នងការនគរបាល​ខេត្ត បញ្ជា​ដ្ឋានការរាជអាវុធ​ខេត្ត ​រដ្ឋបាល​ស្រុក ក្រុង និងមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្ត ចុះត្រួតពិនិត្យចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស នៅតាមទីតាំងគោលដៅចំនួន​៨​កន្លែង​ទូទាំងខេត្ត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុង ហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ។ រថយន្តដែលតទ្រុងខុសបច្ចេកទេសនេះ ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកគោ និងដឹកដំឡូងមីជាដើម។

សូមជម្រាបថា ក្នុងឆ្នាំ ២០១៧ រដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣,៦៥៧ គ្រឿង (មួយគ្រឿងអាចពិនិត្យុច្រើនជាងមួយដង) ក្នុងនោះមាន ២,៩៥៣គ្រឿង ដឹកលើសចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥,៧៧៨,៨២០,០០០រៀល។ ត្រួតពិនិត្យរថយន្តកែច្នៃកាត់តទ្រុងខុសបច្ចេកទេសចំនួន ២៣,៦៧៨គ្រឿង បានកាត់ទ្រុងចេញ ១,២១៥គ្រឿង បានអប់រំ ណែនាំ ៥៤៥គ្រឿង និងដោះរៀនតខាងក្រោយ ៤៧៣គ្រឿង។ ត្រួតពិនិត្យរថយន្តកែច្នៃ កាត់ទ្រុងឡាន យានដ្ឋាន ជួសជុល មានយានដ្ឋានសរុប ៣០៦០ (១៨១៩មានច្បាប់) យានដ្ឋានកែដច្នៃដំឡើងមាន ១៧៧យានដ្ឋាន (មានច្បាប់ ១២៩)៕