(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា នីតិកាលទី៤ លោក ស៊ីម កា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា បានដឹកនាំសមាជិកសមាជិកាប្រមាណ១៥០០នាក់ បើកយុទ្ធនាការនេះនៅមន្ទីរគណបក្សខណ្ឌដង្កោ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកបានបញ្ជាក់ថា កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ក្នុងនោះបានដំណើរការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខភាពឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ ដែលបានបញ្ចប់តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ កន្លងមក ដោយមានគណបក្សនយោបាយចំនួន៤ បានដាក់ពាក្យប្រកួតប្រជែង គឺ​​គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ីនប៊ិច។

​រាជរដ្ឋាភិបាលកម្ពុជា ដែលជាស្ថាប័នប្រតិបត្តិ កំពុងអនុវត្តការដឹកនាំលើគ្រប់វិស័យទាំងអស់ ប្រកបដោយជោគជ័យជាមួយសមិទ្ធិផលធំៗជាច្រើន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ប្រជាជនកម្ពុជាទូទាំងប្រទេស និងការគាំទ្រពីបណ្តាប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ទោះបីមានចលនារបស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលមានទណ្ឌិត សម រង្សី ជាមេក្លោងខិតខំគៀងគរ សហគមន៍អន្តជាតិឲ្យដាក់សម្ពាធលើកម្ពុជា ក្រោមលេសលទ្ធិប្រជាធិបតេយ្យទាមទារដោះលែង កឹម សុខា និងឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញក៏ដោយ។

ប៉ុន្តែដំណើរការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ មកដល់ពេលនេះ គឺស្ថិតនៅក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោត ហើយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោត និងស្ថិតក្នុងបរិយាកាសសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់គ្រប់កន្លែង នៅទូទាំងប្រទេស ហើយកំពុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ដោយគ្មានមជ្ឈដ្ឋានណាមួយ អាចមកបំផ្លិចបំផ្លាញបានឡើយ។

ក្រៅពីនេះ កម្ពុជាបានត្រៀមខ្លួនជាស្រេច នូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយមានការគាំទ្រពីសហគមន៍អន្តរជាតិ ទោះបីមានប្រទេសខ្លះនៅសហគមន៍អ៊ឺរ៉ុប ឬសហរដ្ឋអាមេរិក បាននិយាយថា ការបោះឆ្នោតសភាដោយគ្មានគណបក្សសង្គ្រោះជាតិ គឺពួកគេមិនទទួលស្គាល់ក៏ដោយ។

ដូចនេះកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រកបដោយសក្តានុពល និងគតិបណ្ឌិត សង្គមជាតិកម្ពុជាគឺរក្សាបាននូវសុខសន្តិភាព និងបន្តការអភិវឌ្ឍជានិច្ចនិរន្តរ៍៕