(ភ្នំពេញ)៖ ក្រោយបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចនៅទូទាំងប្រទេស បើកប្រតិបត្តិការ ស្ទាក់ចាប់រថយន្ដដឹកលើសទម្ងន់ និងតទ្រុងខុសបច្ចេកទេសដែលជាហេតុនាំឲ្យខូចផ្លូវ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍នោះ គេសង្កេតឃើញអភិបាលរាជធានី-ខេត្តទាំង២៥ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព បានចាប់ផ្ដើម ការងារនេះយ៉ាងក្តៅគគុក សហការជាមួយមន្ទីរសាធារណការ និងអាជ្ញាធរពាក់ព័ន្ធ ដាក់គោលដៅក្នុងដែនដីរបស់ខ្លួនជាច្រើនកន្លែង ហើយជាលទ្ធផល ត្រូវបានបង្ហាញតាមរយៈការឃាត់បានរថយន្ដ ដែលភាគច្រើនបំផុតនោះ គឺតទ្រុងខុសបច្ចេកទេសតែម្ដង។
យោងតាមរបាយការណ៍ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបង្ហាញថា រថយន្ដតទ្រុងខុសបច្ចេកទេសជាច្រើនគ្រឿង ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ត្រូវបានចាប់ឃាត់ទុកនៅពេលមន្ដ្រីជំនាញពិនិត្យឃើញថា មានលក្ខណៈខុសបច្ចេកទេស ព្រមទាំងកាត់ចោលនៅនឹងកន្លែងតែម្ដង មុនធ្វើកំណត់ហេតុក៏ដូចជា កិច្ចសន្យា ប្រគល់រថយន្ដទៅឲ្យម្ចាស់វិញ។
របាយការណ៍តាមបណ្ដារាជធានី-ខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានជាបន្ដបន្ទាប់រួមមាន៖
* សម្រាប់រាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រថយន្ដចំនួន៤៧៥គ្រឿង ត្រូវបានត្រួតពិនិត្យ ក្នុងនោះរកឃើញរថយន្ដគ្មានឯកសារ និងដឹកសំពីងសំពោងចំនួន៥០គ្រឿង ហើយរថយន្ដខុសបច្ចេកទេសចំនួន៦គ្រឿង
* សម្រាប់ខេត្តត្បូងឃ្មុំ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាក្រុមការងារត្រួតពិនិត្យរថយន្តខុសបច្ចេកទេស បានបញ្ជាក់ថា រថយន្ដចំនួន២៣គ្រឿង ត្រូវបានឃាត់ដោយតទ្រុងខុសបច្ចេកទេស និងបានកាត់ចោលនៅនឹងកន្លែងតែម្ដង
* សម្រាប់ខេត្តតាកែវ លោក ខាន់ សុខា អភិបាលរងខេត្ត បានបញ្ជាក់ថា រថយន្ដចំនួន១៧២គ្រឿង ត្រូវបានត្រួតពិនិត្យ ក្នុងនោះរកឃើញមាន២៤គ្រឿង ដែលតទ្រុងខុសបច្ចេកទេស
* សម្រាប់ខេត្តកំពង់ចាម អភិបាលខេត្ត លោក គួច ចំរើន បានបញ្ជាក់ថា រថយន្ដចំនួន១៨គ្រឿង ត្រូវឃាត់ដោយសារតទ្រុងខុសបច្ចេកទេស ហើយកាត់ចោលនៅនឹងកន្លែងតែម្ដង
* សម្រាប់ខេត្តសៀមរាប អភិបាលខេត្ត លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា រថយន្ដចំនួន១៥គ្រឿង ត្រូវបានឃាត់ដោយសារតទ្រុងខុសបច្ចេកទេស ហើយកាត់ចោលនៅនឹងកន្លែងតែម្ដង
* សម្រាប់ខេត្តស្វាយរៀង លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានបញ្ជាក់ថា រថយន្ដចំនួន៨គ្រឿង ត្រូវបានឃាត់ដោយសារតទ្រុងខុសបច្ចេកទេស ហើយកាត់ចោលនៅនឹងកន្លែងតែម្ដង។
*សម្រាប់ខេត្តបន្ទាយមានជ័យ លោក សួន បវរ អភិបាលខេត្ត បានបញ្ជាក់ថា រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសត្រូវបានកាត់ទ្រុងចេញចំនួន២គ្រឿង, រថយន្តខុសលក្ខណៈបច្ចេកទេស កម្រិតអនុគ្រោះ១៤គ្រឿង, រថយន្តត្រឹមត្រូវតាមច្បាប់ចំនួន២៣គ្រឿង និងណែនាំរថយន្តមិនមានឯកសារចំនួន៣គ្រឿង។
សម្រាប់ការងារនេះ គេមានជំនឿយ៉ាងមុតមាំថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងបន្តឲ្យមានប្រសិទ្ធភាពដូចភ្លៀងរលឹម ដើម្បីរូមទាំងគ្នាកាត់បន្ថយការខូចផ្លូវ ព្រមទាំងគ្រោះថ្នាក់ចរាចរណ៍ ដែលជាឃាតកលាក់មុខដ៏សហាវនោះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុង ហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ។ រថយន្តដែលតទ្រុងខុសបច្ចេកទេសនេះ ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកគោ និងដឹកដំឡូងមីជាដើម។
សូមជម្រាបថា ក្នុងឆ្នាំ ២០១៧ រដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣,៦៥៧ គ្រឿង (មួយគ្រឿងអាចពិនិត្យុច្រើនជាងមួយដង) ក្នុងនោះមាន ២,៩៥៣គ្រឿង ដឹកលើសចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥,៧៧៨,៨២០,០០០រៀល។ ត្រួតពិនិត្យរថយន្តកែច្នៃកាត់តទ្រុងខុសបច្ចេកទេសចំនួន ២៣,៦៧៨គ្រឿង បានកាត់ទ្រុងចេញ ១,២១៥គ្រឿង បានអប់រំ ណែនាំ ៥៤៥គ្រឿង និងដោះរៀនតខាងក្រោយ ៤៧៣គ្រឿង។ ត្រួតពិនិត្យរថយន្តកែច្នៃ កាត់ទ្រុងឡាន យានដ្ឋាន ជួសជុល មានយានដ្ឋានសរុប ៣០៦០ (១៨១៩មានច្បាប់) យានដ្ឋានកែដច្នៃដំឡើងមាន ១៧៧យានដ្ឋាន (មានច្បាប់ ១២៩)៕