(ព្រះសីហនុ)៖ ករណីឃាតកម្មដ៏សាហាវមួយដូចគម្រោលចូល បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយបុរសជាប្តីបានយកកាំបិតផ្គាក់កាប់ ទៅលើប្រពន្ធរបស់ខ្លួន កំពុងអង្គុយអាំងភ្លើងចំគុម្ពត្រចៀក បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់ភ្នាក់ព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា នៅ អាយុ៥២ឆ្នាំ ត្រូវជាប្តី បានយកកាំបិតផ្គាក់ទៅកាប់ប្រពន្ធឈ្មោះ សាក់ ស្រី យុ៥៣ឆ្នាំ មុខរបរកសិករ ដែលកំពុងអង្គុយអាំងភ្លើង នៅមុខផ្ទះចំគុម្ពត្រចៀកខាងស្តាំ ហើយបានប្រកាច់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។

ក្រោយពេលជនរងគ្រោះស្លាប់ ជនសង្ស័យបានលីជនរងគ្រោះទៅដាក់លើផ្ទះ ហើយកម្លាំងរបស់អធិការដ្ឋាននគរបានស្រុកកំពង់សិលា ធ្វើការឃាត់ខ្លួនក្នុងពេលនោះតែម្តង។ វត្ថុតាងចាប់យកបាន កាំបិតផ្គាក់ដងឈើ១ដើម ប្រវែង១-១០ម៉ែត្រ។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញ កំពុងបង្កសំណុំរឿងតាមនីតិវិធីច្បាប់ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត៕