(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌច្បារអំពៅ បានចាប់ខ្លួនពាក់ព័ន្ធរំលោភបងថ្លៃខ្លួនឯង បានសម្រេចជាច្រើនដង បន្ទាប់ពីស្រ្តីរងគ្រោះបានប្រាប់ប្តី នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ។
នគរបាលប៉ុស្តិ៍ក្បាលកោះ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ថា ពីករណីរំលោភសេពសន្ថវៈ បានឡើងកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩៖០០នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នគរបាលប៉ុស្តិ៍ក្បាលកោះ បានបន្តថា ជនរងគ្រោះឈ្មោះ សួន ឌី អាយុ២១ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅបន្ទប់ជួលកើតហេតុ។ រីឯជនសង្ស័យឈ្មោះ សួស ប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករដឹកទឹកកក ស្នាក់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង៩៖០០នាទី ជនរងគ្រោះនិងក្មួយប្រុសអាយុ៦ឆ្នាំ កំពុងនៅក្នុងបន្ទប់ជួល (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យ ត្រូវជាប្អូនថ្លៃជីដូនមួយបានមកលេង ដោយពុំឃើញប្តីជនរងគ្រោះ ជនសង្ស័យក៏នាំក្មួយប្រុសទៅផ្ទះ។ បន្ទាប់មក ជនសង្ស័យក៏ត្រឡប់មកបន្ទប់ជួលជនរងគ្រោះវិញ រួចចាប់ខ្ទប់មាត់ជនរងគ្រោះ គំរាមថា បើហ៊ានស្រែកប្រយ័ត្នមានរឿង រួចក៏ចាប់រំលោភ ជនរងគ្រោះបានសម្រេចម្តង ហើយជនសង្ស័យក៏ទៅកន្លែងធ្វើការវិញ។
លុះដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ជនរងគ្រោះបានប្រាប់ប្តីពីរឿងហេតុខាងលើទាំងអស់ រួចក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ ចាត់ការតាមច្បាប់។
ស្រ្តីរងគ្រោះ បានបញ្ជាក់ថា កន្លងមកកាលពីថ្ងៃទី៣ ខែ២ ឆ្នាំ២០១៨កន្លងទៅ វេលាម៉ោង១៤៖០០នាទី ជនសង្ស័យធ្លាប់បានចាប់រំលោភជនរងគ្រោះ បានសម្រេចម្តងនៅចំណុចកើតហេតុខាងលើ ហើយជនសង្ស័យឈ្មោះ សួស ប្រុស ធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ៕