(ភ្នំពេញ)៖ ជាមួយនឹងប្រជាប្រិយភាព លើវិស័យចម្រៀងកាន់តែខ្លាំង តារាចម្រៀងលំដាប់កំពូលរបស់កម្ពុជា លោក ឆាយ វីរៈយុទ្ធ ត្រូវបានក្រុមហ៊ុនរថយន្តរបស់អាមេរិក ម៉ាក Chevrolet ជ្រើសតាំងជាអគ្គរដ្ឋទូតសុឆន្ទៈ តំណាង Brand (Brand Ambassador) ប្រចាំនៅកម្ពុជា។
ក្នុងកម្មវិធីប្រកាសជាផ្លូវការ ល្ងាចថ្ងៃទី០៩ កុម្ភៈ ឆ្នាំ២០១៨នេះ លោក ប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងទូទៅរបស់ Chevrolet បានបញ្ជាក់ថា តាមការសិក្សាទីផ្សារបានសបញ្ជាក់ថា លោក ឆាយ វីរៈយុទ្ធ ជាតារាចម្រៀងដ៏ល្បីមួយរូបនៅកម្ពុជា ដែលស័ក្តិសមបំផុត ជាមួយនឹងម៉ាករថយន្តល្បីលំដាប់ពិភពលោក របស់អាមេរិកមួយនេះដូចគ្នា។ ជាមួយគ្នានេះ លោក ពិសិដ្ឋ បានបញ្ជាក់ថា លោក វីរៈយុទ្ធ នឹងទទួលបានរថយន្តដ៏ទំនើបមួយ ដែលមានតម្លៃជិត៧ម៉ឺនដុល្លារ ជាមធ្យោបាយធ្វើដំណើរក្នុងការ បំពេញការងារផ្សេងៗ។
លោក ឆាយ វីរៈយុទ្ធ ក៏បានលើកឡើងទាំងរំភើបថា «ខ្ញុំពិតជាមានកិត្តិយស និងសប្បាយរីករាយខ្លាំងណាស់ ព្រោះ Chevrolet គឺជាម៉ាករថយន្តអាមេរិក និងល្បីពេញពិភពលោក ដែលមានអាយុកាលរាប់រយឆ្នាំ។ Chevrolet គឺជាម៉ាករថយន្ត ក្នុងក្តីស្រមៃរបស់ខ្ញុំ ដែលខ្ញុំតែងស្រមៃថា នឹងបើកឡាន Chevrolet ពណ៌ខ្មៅដ៏រលើបរលោង។ ទីបំផុត ខ្ញុំបានសំរេចក្តីបំណងបានប្រើប្រាស់វា ជាពិសេស ក្រុមហ៊ុន chevrolet Cambodia បានជ្រើសរើសខ្ញុំជាអគ្គរាជទូតសុឆន្ទៈ ដែលលើសពីការរំពឹងទុករបស់ខ្ញុំ ទៅទៀត»។
ជាចុងក្រោយលោក ឆាយ វិរៈយុទ្ធ បានសន្យាថា បន្ទាប់ពីរួមដៃគ្នាពីថ្ងៃនេះ លោកនឹងប្រឹងប្រែង ដើម្បីធ្វើអោយ Brand Chevrolet Cambodia ទទួលបានជោគជ័យឲ្យរឹតតែខ្លាំងបន្ថែមទៀត លើទីផ្សារប្រទេសកម្ពុជា ដែលពោរពេញដោយការប្រកួតប្រជែងនេះ៕