(កំពត)៖ ថ្លែងចេញពីទីបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១១ ស្ថិតក្នុងភូមិសាស្ត្រតំបន់ភ្នំបាក់នឹម ស្រុកជុំគីរី ខេត្តកំពត នាយឧត្តមសេនីយ៍ មាន សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជំរុញឲ្យគ្រប់កងឯកភាពទាំងអស់ បន្តប្រពៃណី ស្នាដៃដ៍ល្អនេះបន្តទៀត ពិសេសត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពការងារហ្វឹកហ្វឺន លើគ្រប់ជំនាញឲ្យកងទ័ព កាន់តែមានសមត្ថភាពខ្ពស់។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារយោធា សន្តិសុខឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅអនុវត្តន៍ការងារយោធា សន្តិសុខឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍មេបញ្ជាការ ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ យកចិត្តទុកដាក់ជំរុញការងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ឲ្យដល់នាយ ពលទាហានកាន់តែមានឆន្ទះ ស្នេហាជាតិ ក្នុងការចូលរួមបំរើឲ្យបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។
មេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ថា នាយ ពលទាហានទាំងអស់ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រៀបកាពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដីនៃកម្ពុជាឲ្យកាន់រឹងមាំ និងរីកចម្រើន។
នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ពិសេសថ្នាក់ដឹកនាំកងទ័ពជើងគោក បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយកិច្ចសហការល្អរបស់នាយ ពលទាហាន គ្រប់កងឯកភាពចំណុះឲ្យកងពលតូចអន្តរាគមន៍លេ១១ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញការងារបម្រើជាតិ ការពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដីនៃកម្ពុជាបានយ៉ាងរឹងមាំ។
នាយឧត្តមសេនីយ៍ ក៏បានប្រកាសបិទកិច្ចប្រជុំ ព្រមទាំងបានប្រគល់រង្វាន់លើកទឹកចិត្តរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ជូនដល់អង្គភាពដែលមានស្នាដៃ ក្នុងចលនាប្រលងប្រណាំង ការកសាងផ្ទះបាយគំរូ ក្នុងការចិញ្ចឹមទ័ពបានល្អ មានសត្វគោ សម្រាប់ចិញ្ចឹម គ្រប់ពូជបន្លែ៤មុខ ធុងទឹកកក និងសម្ភារៈជាច្រើនមុខទៀត ព្រមទាំងបានផ្តល់ដល់ កងពលតូចអន្តរាគមន៍លេខ១១ នូវថវិកាចំនួន៥លានរៀលផងដែរ៕