(មណ្ឌលគិរី)៖ រយៈពេលជាង៨ម៉ោង តាំងពីវេលាម៉ោង២ទាបភ្លឺ រហូតដល់ម៉ោងជាង១០ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរខេត្តមណ្ឌលគិរី ទើបអាចគ្រប់គ្រង គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅ ដែលបានឆាបឆេះផ្សារក្រុងសែនមនោរម្យ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងកត់ស្លុតយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសម្ចាស់តូប និងម្ចាស់ផ្ទះតែម្ដង។
ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា គ្រោះអគ្គិភ័យត្រូវបានគ្រប់គ្រងទាំងស្រុង ប៉ុន្ដែកម្លាំងសមត្ថកិច្ចរបស់លោក នៅបន្ដបាញ់ពន្លត់ឲ្យអស់រងើកភ្លើងចៀសវាងបង្កផលប៉ះពាល់ថែមទៀត។
តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ស្នងការ គ្រោះអគ្គិភ័យដ៏កំណាច់នេះបានផ្ដាច់ជីវិតមនុស្ស២នាក់ និងរងរបួស៣នាក់ ព្រមទាំងខូចខាតទ្រព្យសម្បតិ្តយ៉ាងច្រើន ដែលអាចមិនទាន់បញ្ជាក់បាននៅឡើយ។
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងកាលពីព្រឹកមិញផងដែរថា តាមការសន្និដ្ឋានជាជំហ៊ានដំបូង តូបអាជីវករ និងផ្ទះរបស់ប្រជាពលរដ្ឋជាង២០០ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់។ ដោយឡែក ទំហំនៃការខូចខាតនោះ ក៏មិនទាន់ដឹងផងដែរ។
លោកឧត្តមសេនីយ៍ អ៊ុក សំណាង បានបញ្ជាក់ផងដែរថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យនៅក្នុងខេត្តចំនួន៤គ្រឿង និងសុំជំនួយពីនគរបាលស្រុកស្នួលខេត្តក្រចេះ ដែលគៀកជាងគេមួយគ្រឿងទៀត ព្រមទាំងការប្រើប្រាស់ទឹករាប់សិបជើង។
យ៉ាងណាក៏ដោយ ស្នងការរូបនេះ មិនទាន់អាចបញ្ជាក់លម្អិតពីទំហំនៃការខូចខាត និងមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងនោះឡើយ។
សូមបញ្ជាក់ថា ករណីនេះបានកើតឡើងនៅវេលាម៉ោងជាង២យប់រំលងអាធ្រាត្រចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះហើយធ្វើឲ្យអភិបាលខេត្តមណ្ឌលគិរីរត់បាតជើងសព្រាត ជាមួយសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ផងដែរ៕