(ភ្នំពេញ)៖ បុរសម្នាក់ដែលបើករថយន្ដបញ្ច្រាស់ទិសបុកមនុស្ស២នាក់ បណ្ដាលឲ្យរងរបួសនៅខណ្ឌដង្កោ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក ហម ម៉េងសែ ចេញដីកាសម្រេចឲ្យនៅក្រៅឃុំជាបណ្ណោះអាសន្ន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់ភ្នាក់ងារ ​Fresh News ប្រចាំតុលាការនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ជនត្រូវចោទមានឈ្មោះ សាក់ សុវណ្ណមុនី ​អាយុ​២២ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ពីបទ «បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន» បណ្តាលឲ្យមានរបួសដល់អ្នកដទៃ ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខវត្តគោកអំពិល ផ្លូវ៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ ដោយយោងតាមមាត្រា​៨៣ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨កន្លងទៅ លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងជនត្រូវចោទម្នាក់ឈ្មោះ ស៊ុយ សារៈទី ដែលបានបើករថយន្ត​កិនកុមារា អាយុ៩ឆ្នាំ ម្នាក់ស្លាប់​នៅខណ្ឌដង្កោផងដែរ​៕​