(កាកែវ)៖ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា សម្រាប់ប្រតិបត្តិការ ចាប់ពីវេលាម៉ោង០០យប់មិញ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរខេត្ត បានឃាត់ត្រួតពិនិត្យរថយន្តចំនួន១៧២គ្រឿង និងរកឃើញរថយន្តខុសបច្ចេកទេសចំនួន២៤គ្រឿង នៅផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ នៅផ្លូវជាតិលេខ២ ស្រុកបាទី និងនៅស្រុកព្រៃកប្បាស់
ប្រតិបត្តិការនេះ មានការសហការជាមួយស្នងការខេត្ត មន្ទីរសាធារណការខេត្ត ហើយជាលទ្ធផល នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទូនៅស្រុកត្រាំកក់ ឃាត់ចំពោះតែរថយន្តធុនធ្ងន់ លទ្ធផលដូចខាងក្រោម៖ ត្រួតពិនិត្យរថយន្តសរុបចំនួន១៧២គ្រឿង ក្នុងនោះរកឃើញរថយន្តចំនួន២៤គ្រឿង មានលក្ខណខុសបច្ចេកទេស។
លោក ខាន់ សុខា បានបន្តថា រថយន្តដែលខុសបច្ចេកទេសត្រូវយកមកទុកនៅអធិការនគបាលស្រុកត្រាំកក់ ដើម្បីឲ្យម្ចាស់រថយន្តខុសបច្ចេកទេស ខាងលើយកកាត់ទ្រុងដោយខ្លួនឯង ឬឲ្យអាជ្ញាធរ រកជាងមកកាត់ឲ្យដោយគិតសេវាថ្លៃកាត់ ហើយភាគច្រើននៃរថយន្តកែច្នៃខុសបច្ចេកទេស ដែលសមត្ថកិច្ចជំនាញឃាត់ទុក គឺរថយន្តដឹកដូង រថយន្តដឹកបង្គា រួមជាមួយរថយន្តផ្សេងៗទៀតផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះ មិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវក្នុងភូមិសាស្ត្រខេត្ត របស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជា ឲ្យម្ចាស់រថយន្តទាំងអស់យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុង ហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ។ រថយន្តដែលតទ្រុងខុសបច្ចេកទេសនេះ ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកគោ និងដឹកដំឡូងមីជាដើម។
សូមជម្រាបថា ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣,៦៥៧ គ្រឿង (មួយគ្រឿងអាចពិនិត្យុច្រើនជាងមួយដង) ក្នុងនោះមាន ២,៩៥៣គ្រឿង ដឹកលើសចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥,៧៧៨,៨២០,០០០រៀល។ ត្រួតពិនិត្យរថយន្តកែច្នៃកាត់តទ្រុងខុសបច្ចេកទេសចំនួន ២៣,៦៧៨គ្រឿង បានកាត់ទ្រុងចេញ ១,២១៥គ្រឿង បានអប់រំ ណែនាំ ៥៤៥គ្រឿង និងដោះរៀនតខាងក្រោយ ៤៧៣គ្រឿង។ ត្រួតពិនិត្យរថយន្តកែច្នៃ កាត់ទ្រុងឡាន យានដ្ឋានជួសជុល មានយានដ្ឋានសរុប ៣០៦០ (១៨១៩មានច្បាប់) យានដ្ឋានកែដច្នៃដំឡើងមាន ១៧៧យានដ្ឋាន (មានច្បាប់ ១២៩)៕