(បាត់ដំបង)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៥៣នាក់ ស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានប្រកាសឲ្យចូលជាសមាជិកសមាជិកា ពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាសបញ្ចូលសមាជិកសមាជិកាថ្មីនេះ បានធ្វើឡើងក្រោមវត្តមាន លោក ហែម ថេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំភ្នំសំពៅ និងមានការចូលរួមពីសំណាក់ប្រធាន អនុប្រធានគណបក្សស្រុកបាណន់ ប្រធាន អនុប្រធានគណបក្សឃុំ ក្រុមប្រឹក្សា ស្រុក-ឃុំ សកម្មជន យុវជន សាខាបក្សភូមិ និងសមាជិក សមាជិកាបក្ស មកពីភូមិទាំង១០ សរុបជាង៣០០នាក់ នៅទីស្នាក់ការបក្សឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកប្រធានក្រុមការងារចុះឃុំ បានអបអរសាទរ និងស្វាគមន៍អតីតសមាជិកគាំទ្របក្សប្រឆាំង១៥៣នាក់ ក្នុងនោះ មានក្រុមគ្រួសារ អតីតបេក្ខភាពតំណាងរាស្រ្ត CNRP មណ្ឌលបាត់ដំបង៣នាក់ផង ពួកគាត់បានយល់ច្បាស់ពីគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបានសម្រេចចិត្ត មកចូលរួមរស់ជីវភាព នយោបាយជាមួយបក្ស CPP នៅឃុំភ្នំសំពៅ ស្រុកបាណន់ ខណៈដែលមេបក្សពួកគាត់ បានរួមគំនិតជាមួយបរទេសក្បត់ជាតិ ត្រូវបានរំលាយចោលដោយតុលាការកំពូលតាមច្បាប់គណបក្សរបស់ប្រទេសកម្ពុជា។

លោកបានបន្តថា គោលនយោបាយគណបក្ស CPP បានដាក់ចេញនូវគោលនយោបាយថ្មីៗ តាមរយ:មហាសន្និបាតរបស់បក្ស CPP ដែលជាទិសដៅធំធ្វើ ឲ្យការគ្រប់គ្រងការងារបក្សខេត្ត ស្រុក-ឃុំ-ភូមិ យកទៅអនុវត្តតាមស្ថានភាពជាក់ស្តែង នៅតាមមូលដ្ឋានក្នុងខ្លឹមសារ មហាសន្និបាតមានចំណុចសំខាន់បំផុតមួយ (បានណែនាំថាគ្រប់ក្រុមការងារគ្រប់ថ្នាក់ គ្រប់ផ្នែក សូមខិតខំរួមសាមគ្គីគ្នា ជាមួយសមាជិក សមាជិការបក្ស) នាំគ្នាថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្សតទៅ។ នៅក្នុងសន្និបាតបក្សសម្តេចក៏បានបញ្ជាក់ធ្ងន់ៗថា សុខសន្តិភាពនេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុចា បានខិតខំដណ្តើមយកវិញដោយបានដោយឆ្លងកាត់ឧបសគ្គ និងមានការលំបាកយ៉ាងខ្លាំងណាស់។

លោក ហែម ថេង បានបញ្ជាក់ថា ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្ស CPP បានដឹកនាំនិងរៀបចំប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ធ្វើ ឲ្យប្រជាពលរដ្ឋកាន់តែសម្បូរណ៍សប្បាយជាកត្តាទាំងអស់នេះ ហើយដែលធ្វើឲ្យបងប្អូនអតីតសមាជិកគាំទ្របក្សប្រឆាំង បានមើលឃើញពីគោលនយោបាយ ត្រឹមត្រូវរបស់គណបក្ស CPP ក៏បានសម្រេចចិត្ត មកចូលរួមរស់ជីវភាពនយោបាយជាមួយយើងវិញ។

ឧបាយកលបក្សប្រឆាំងមានទស្សនៈវាយប្រហាមកលើរាជរដ្ឋាភិបាល ដោយលើកឡើងតែពាក្យដដែលៗ បំភ្លើសពីការពិតបានធ្វើរូបភាព សោកនាដកម្មក្លែងក្លាយ ប្រឌិតរឿងឡើងបង្កើតព្រឹត្តការណ៍មួយ យកដើម្បីសម្លាប់ព្រឹត្តការណ៍មួយទៀត នេះជាសង្រ្គាមចិត្តសាស្រ្ត ជាមនោគមវិជ្ជា មួយពុំមានរូបរាង្គតែជាឧបាយកល ដែលមានគោលបំណងជាក់លក្ខណ៍ ហើយបក្សប្រឆាំងបានធ្វើអ្វីៗ ខុសច្បាប់ដោយមានការបង្គាបបញ្ជាពីបរទេស ហើយបរទេសចង់បានឈរជើងនៅកម្ពុជានិងចង់ឲ្យកម្ពុជាវិលទៅរកទស្សវត្តន៍ឆ្នាំ១៩៧០។

ប្រវត្តិសាស្រ្តប្រទេសកម្ពុជាកន្លងមក ដោយមានទំនាស់ផ្ទៃក្នុង ធ្វើឲ្យកើតមានសង្រ្គាមស៊ីវិលជាបន្តបន្ទាប់ពីរបបមួយទៅរបបមួយទៀត នាំឲ្យប្រទេសជាតិខ្ទេចខ្ទាំទាំងស្រុង ដូចជា៖ ឆ្នាំ១៩៧០ របប លន់ នល់ ផ្តួលរបបសង្គមរាស្រ្តនិយម, ឆ្នាំ១៩៧៥ របប ប៉ុល ពត បានផ្តួលរបប លន់ នល់, លុះឆ្នាំ១៩៧៩ គណបក្ស CPP បានរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ដោយបានកសាង និងអភិវឌ្ឍន៍ជាតិ ឲ្យមានការរីកចម្រើនដល់បច្ចុប្បន្ន។ ដោយឡែកអតីតបក្សប្រឆាំង CNRP បានធ្វើខុសច្បាប់ត្រូវបានតុលាការកំពូលរំលាយចោល ដោយផ្អែកតាមច្បាប់ស្តី ពីគណបក្សនយោបាយនៅកម្ពុជា។

សមាជិកគណបក្សថ្មីទាំងអស់បានស្បថធ្វើសច្ចាប្រណិធាន និងធ្វើការប្តេជ្ញាចិត្តគាំទ្រដើរតាមគោលនយោបាយបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅនាថ្ងៃដដែល លោកប្រធានក្រុមការងារបានជូនថវិកាកម្តរដៃដល់ជូនសមាជិក សមាជិកា​ បានចូលរួមជាង៣០០នាក់ ក្នុងម្នាក់២ម៉ឺនរៀល និងហូបបាយសាមគ្គី១ពេលមានចំនួន៣៤តុ ផងដែរ៕