(ភ្នំពេញ)៖ ដូចអ្វីដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។

សម្រាប់យុទ្ធនាការថ្ងៃដំបូងនេះ គណបក្សនយោបាយដែលបានចូលរួមបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភាព កំពុងតែចាប់ផ្ដើមយុទ្ធនាការឃោសនាហើយ ជាមួយនឹងសកម្មជនរបស់ពួកគេ។

យ៉ាងណាក៏ដោយ សម្រាប់ការឃោសនាបោះឆ្នោត គ.ជ.ប នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ បានចេញសេចក្តីប្រកាស អំពីការហាមឃាត់ មិនឱ្យហែក្បួនឃោសនា នៅក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅតាមដងវិថី និងទីប្រជុំជនមួយចំនួន ដើម្បីបញ្ចៀសការកកស្ទះ។

គ.ជ.ប ក៏បានផ្ដល់ការផ្សព្វផ្សាយស្មើភាពគ្នា លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ជូនគណបក្សនយោបាយ សម្រាប់ការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដោយបាន​បង្កើតគណៈកម្មការសម្របសម្រួល ដើម្បីជួបពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ និងឯកជន និងភាគីពាក់ព័ន្ធពន្យល់ណែនាំ​ អំពីបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងដំណើរការបោះឆ្នោត និងគោលការណ៍ណែនាំអំពី ការឃោសនាបោះឆ្នោតរបស់ គ.ជ.ប។

នៅខេត្តកំពង់ស្ពឹគេសង្កេតឃើញវត្តមានលោកទេសរដ្ឋមន្ត្រី ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺបានចុះទៅធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ទូទាំងខេត្ត។

នៅក្នុងឱកាសនោះលោក ឆាយ ថន បានថ្លែងទៅកាន់ប្រធាន អនុប្រធានក្រុមការងារតាមស្រុកក្រុងទាំងអស់ នៃខេត្តកំពង់ស្ពឺ រួមទាំងប្រធានអនុប្រធានក្រុមការងារ តាមឃុំសង្កាត់ នៃស្រុកក្រុងនិមួយៗ មេត្តាចូលរួមក្នុងយុទ្ធនាការនេះ។

ក្នុងយុទ្ធនាការថ្ងៃដំបូងនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនខេត្តកំពង់ស្ពឺ សមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ៕