(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា សម្រាប់ប្រតិបត្តិការ ចាប់ពីវេលាម៉ោង០០យប់មិញ កម្លាំងសមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ បានឃាត់ត្រួតពិនិត្យរថយន្តចំនួន៤៧៥គ្រឿង ដោយរកឃើញរថយន្តដឹកសំពីងសំពោងចំនួន៥០គ្រឿង និងរថយន្តខុសបច្ចេកទេសចំនួន៦គ្រឿង ដែលត្រូវកាត់ទ្រុងនៅនឹងកន្លែងតែម្តង។
នាយឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា «លទ្ធផល នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទូទាំងរាជធានីភ្នំពេញ ចំពោះតែរថយន្តធុនធ្ងន់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង០០នាទីមក លទ្ធផលដូចខាងក្រោម៖ ត្រួតពិនិត្យរថយន្តសរុបចំនួន៤៧៥គ្រឿង ក្នុងនោះរកឃើញរថយន្តដែលត្រឹមត្រូវ៤១៩គ្រឿង, រថយន្តគ្មានឯកសារ ដឹកសំពីងសំពោង ៥០គ្រឿង និងរថយន្តខុសលក្ខណៈបច្ចេកទេសចំនួន៦គ្រឿង»។
នៅយប់នេះដែរ នៅទឹកដីខណ្ឌពោធិ៍សែនជ័យ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះទៅស្ទាក់ ចាប់រថយន្តដឹកលើសទម្ងន់ និងតទ្រុងខុសបច្ចេកទេសខុសច្បាប់ ស្ថិតនៅលើផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
នៅខណ្ឌដូនពេញ តាំងពីល្ងាចរហូតដល់ម៉ោង១២យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោក សុខ ពេញ អភិបាលខណ្ឌ ក៏បានចុះអនុវត្តន៍យុទ្ធនាការឃាត់រថយន្តនៅទីតាំងគល់ស្ពានជ្រោយចង្វារ (មុខស្ថានទូតបារាំង) ជាលទ្ធផលបានរថយន្ដសរុប៣០គ្រឿង (ខ្នាតតូច១៨គ្រឿង និងខ្នាតធំ១២គ្រឿង) ក្នុងនោះបានអប់រំណែនាំ២៧គ្រឿង និងរក្សាទុក៣គ្រឿង។
ដោយឡែក នៅខណ្ឌឬស្សីកែវវិញ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចេញមកដឹកនាំដោយផ្ទាល់ និងដាក់បទបញ្ជាឲ្យកម្លាំងនគរបាល អាវុធហត្ថ និងអាជ្ញាធរសង្កាត់នូវទូទាំងខណ្ឌ ចេញប្រតិបត្តិការធ្វើយ៉ាងណា ត្រូវត្រួតពិនិត្យស្ទាក់ចាប់រាល់រថយន្ដធុនធំៗ កែច្នៃខុសបច្ចេកទេស (រថយន្តតទ្រុង និងដឹកលើសទម្ងន់)។
ការដាក់បទបញ្ជារបស់លោក ជា ពិសី បានធ្វើឡើងជាបន្ទាន់មួយ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ នាល្ងាចថ្ងៃសុក្រ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ៣រូប គឺលោក លីន ញ៉ក់ លោក ស៊ូ សោគន្ធ និងលោកស្រី សួស សូលីដា និងមន្ត្រីពាក់ព័ន្ធតាមបណ្ដាការិយាល័យជំនាញចំណុះខណ្ឌ នាយប៉ុស្ដិ៍ទាំង៧នៃខណ្ឌ ជាច្រើននាក់ផងដែរ ស្តីអំពីការទប់ស្កាត់ និងចាប់រថយន្តធំៗ កែច្នៃខុសបច្ចេកទេស ចាប់ពីម៉ោង០០យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨តទៅ ក្រោយទទួលបានផែនការភ្លាមៗពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេសការអនុវត្តឲ្យមានប្រសិទ្ធភាពតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្រាប់ការងារនេះក៏ត្រូវបានធ្វើឡើងនៅតាមបណ្តាខណ្ឌផ្សេងទៀតផងដែរ នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុង ហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ។ រថយន្តដែលតទ្រុងខុសបច្ចេកទេសនេះ ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកគោ និងដឹកដំឡូងមីជាដើម។
សូមជម្រាបថា ក្នុងឆ្នាំ ២០១៧ រដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣,៦៥៧ គ្រឿង (មួយគ្រឿងអាចពិនិត្យុច្រើនជាងមួយដង) ក្នុងនោះមាន ២,៩៥៣គ្រឿង ដឹកលើសចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥,៧៧៨,៨២០,០០០រៀល។ ត្រួតពិនិត្យរថយន្តកែច្នៃកាត់តទ្រុងខុសបច្ចេកទេសចំនួន ២៣,៦៧៨គ្រឿង បានកាត់ទ្រុងចេញ ១,២១៥គ្រឿង បានអប់រំ ណែនាំ ៥៤៥គ្រឿង និងដោះរៀនតខាងក្រោយ ៤៧៣គ្រឿង។ ត្រួតពិនិត្យរថយន្តកែច្នៃ កាត់ទ្រុងឡាន យានដ្ឋាន ជួសជុល មានយានដ្ឋានសរុប ៣០៦០ (១៨១៩មានច្បាប់) យានដ្ឋានកែដច្នៃដំឡើងមាន ១៧៧យានដ្ឋាន (មានច្បាប់ ១២៩)៕