(មណ្ឌលគិរី)៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងថា រហូតមកដល់ព្រឹកព្រលឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អគ្គិភ័យបាននិងកំពុងបន្តឆេះផ្សារក្រុងសែនមនោរម្យ នៅមិនទាន់រលត់នៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចបាននិងកំពុងបន្តជួយអន្តរាគមន៍ នៅឡើយ។
សម្រាប់គ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅនេះ លោកឧត្តមសេនីយ៍ស្នងការមិនទាន់អាចបញ្ជាក់ពីទំហំនៃការខូចខាតបាននោះទេ ខណៈព័ត៌មានខ្លះបានឲ្យដឹងថា មានការបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែរ។
នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ស្នងការនគរបាលខេត្តមណ្ឌលគីរី ក៏បានសុំជំនួយរថយន្តពន្លត់អគ្គិភ័យពីស្នងការនគរបាលខេត្តក្រចេះផងដែរ ដើម្បីទៅជួយបាត់ពន្លត់។
សូមបញ្ជាក់ថា ករណីនេះបានកើតឡើងនៅវេលាម៉ោងជាង២យប់រំលងអាធ្រាត្រចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ ការឆាបឆេះទាំងយប់បែបនេះ បងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរមិនទាន់ដឹងអំពីមូលហេតុនៃការឆាបឆេះនៅឡើយនោះទេ និងក៏មិនអាចយករបស់របរទាន់នោះដែរ។
តាមសេចក្តីរាយការណ៍បន្ថែមបានឲ្យដឹងថា អគ្គិភ័យបានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរៗផ្សារនោះផងដែរ៕