(ភ្នំពេញ)៖ ក្នុងន័យបំពេញទឹកស្អាតឲ្យគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ជាយក្រុង និងក្រុងតាខ្មៅ ខេត្តកណ្ដាលនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងសាងសង់រោចក្រផលិតទឹកស្អាតថ្មីចំនួន២ទីតាំងបន្ថែមទៀត ដែលទីតាំង១ស្ថិត ក្នុងសង្កាតបាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងមួយទីតាំងទៀត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើតាមការឲ្យដឹងពីលោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
តាមការឲ្យដឹងរបស់លោក ស៊ឹម ស៊ីថា បានឲ្យដឹងថា ការគ្រោងបង្កើតរោងចក្រថ្មីនេះ គឺដើម្បីឲ្យផលិតទឹកស្អាត ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងទាំង២ ប្រើប្រាស់បានគ្រប់គ្រាន់ ដោយអាចនឹងផលិតទឹកស្អាតបានរហូតដល់៨០ម៉ឺន ដល់ជាង១លានម៉ែត្រគូបក្នុង១ថ្ងៃ។
លោកបានបញ្ជាក់ឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានផែនការមេមួយ គឺចាប់ពីឆ្នាំ២០១៦-២០៣០ នឹងត្រូវពង្រីកបណ្ដាញទុយយោឲ្យបានគ្រប់ទូទាំងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ រួមទាំងការកសាងសង់រោងចក្រផលិតទឹកស្អាត ដើម្បីបំពេញសេចក្ដីត្រូវការ យោងតាមការសិក្សាកន្លង មករបស់រដ្ឋាករទឹកស្វយ័ត បានឲ្យដឹងថា សេចក្ដីត្រូវការប្រើប្រាស់ទឹក ក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ២០២០, ២០២៥ និង២០៣០ នឹងឡើងពី៦០-៨០ម៉ឺន រហូតដល់ជាង១លានម៉ែត្រគូបក្នុង១ថ្ងៃ ដែលបច្ចុប្បន្ននេះ សមត្ថភាពផលិតទឹកស្អាតមានតែ៥៧ម៉ឺនម៉ែត្រគូបប៉ុណ្ណោះក្នុង១ថ្ងៃ។
លោកបន្ដទៀតថា «បច្ចុប្បន្ននេះរដ្ឋាករទឹកស្វយ័ត មានហិរញ្ញប្បទានពីខាង AFD (ទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍន៍) រួចមកហើយ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកំពុងដំណើរការសាងសង់រោងចក្រផលិតចំកាមន ដែលគ្រោងបញ្ចប់ការសាងសង់ក្នុងត្រីមាសទី៣ ឬទី៤ ឆ្នាំ២០១៨។ ចំណែកឯរោងចក្រថ្មីមួយទៀត ដែលគ្រោងនឹងសាងសង់ទឹកស្អាត ក្នុងទីក្រុងតាខ្មៅ បច្ចុប្បន្នកំពុងសិក្សាលម្អិតប្លង់ និងធ្វើយ៉ាងណាផ្គត់ផ្គងទឹកស្អាត ឲ្យគ្រប់គ្រាន់ក្នុងតំបន់នោះ។ សម្រាប់ទូទាំងរាជធានីភ្នំពេញវិញ រដ្ឋាករទឹកបានកំពុង ធ្វើការសិក្សាលម្អិតក្នុងប្លង់មេ ដើម្បីសាងសង់រោងចក្រផលិតទឹកស្អាតមួយទៀតដ៏ធំនៅក្នុង សង្កាត់បាក់ខែង ដែលយកប្រភពទឹកពីទន្លេមេង្គ។ រោងចក្រនោះ នឹងធ្វើការសាងសង់២ដំណាក់កាល ដែលមានសមត្ថភាពផលិតបាន ៣៦៦,០០០ម៉ែត្រគូបក្នុង១ថ្ងៃ»។
លោកបានបន្ថែមទៀតថា ក្នុងទីក្រុងតាខ្មៅបច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើការសិក្សារទៅលើកម្រោងប្លង់មេ តែមិនទាន់អាចបញ្ជាក់បានថា ប្រើប្រាស់អស់ទឹកប្រាក់ចំនួនប៉ុន្មាននោះឡើយ។ រីឯរោងចក្រស្ថិតនៅក្រុងភ្នំពេញវិញ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រដ្ឋាករទឹកស្វយ័តទឹកក្រុងភ្នំពេញ នឹងត្រូវចំណាយទុនវិនិយោគប្រមាណជាង២០០លានដុល្លារ ដែលក្នុង២០០លានដុល្លារនេះ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវមានថវិកាបដិភាគប្រមាណជាង៣៥ភាគរយ ដែលការសាងសង់នេះ នឹងចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ២០១៩ខាងមុខនេះ ដើម្បីឲ្យឆ្នាំ២០២១ អាចប្រើប្រាស់ទឹកបាន និងបញ្ចប់គម្រោងក្នុងឆ្នាំ២០២២។
សូមបញ្ជាក់ថាបច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តបានផ្គត់ផ្គងទឹក ក្នុងរាជធានីភ្នំពេញបានចំនួន៨៥ភាគរយ ចំណែកឯក្នុងទីក្រុងតាខ្មៅទទួលបានជាង៨៨ភាគរយ ដោយក្នុងរាជធានីភ្នំពេញ មានអតិថិជនជាង៣១ម៉ឺនគ្រួសារ ដែលទទួលបានសេវាកម្ម និងទីក្រុងតាខ្មៅចំនួន១៤,០០០គ្រួសារ ដែលទទួលបានសេវាកម្ម៕