(ម៉ូស្គូ)៖ គណកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈឹមរបស់ប្រទេស រុស្ស៊ី បានបញ្ចប់ការចុះឈ្មោះបេក្ខជនប្រធានាធិបតី ដោយក្នុងនោះមានបេក្ខជនចំនួន ៨រូបនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ខាងមុខ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន NHK ចេញផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៨។

បេក្ខជនទាំងនោះរួមមានទាំងប្រធានាធិបតីកំពុងកាន់អំណាចបច្ចុប្បន្នលោក Vladimir Putin មេដឹកនាំបក្សប្រឆាំង លោក Pavel Grudinin និងលោក Vladimir Zhirinosky មកពីបក្សប្រជាធិបតេយ្យសេរី ជាដើម។

ភ្នាក់ងារបោះឆ្នោតរដ្ឋាភិបាលរុស្ស៊ី  បានឱ្យថា មនុស្សប្រមាណ ៧០ភាគរយ បានលើកឡើងថាពួកគេនឹងបោះឆ្នោតជូនលោក Putin ដែលតួលេខនេះអាចឱ្យយើងសន្និដ្ឋានបានថា ប្រធានាធិបតីរូបនេះនឹងជាប់ឆ្នោតសាជាថ្មី។ គួររំលឹកផងដែរថា បាតុកម្មទូទាំងប្រទេស ទាមទារឱ្យលោក Putin ចុះចេញពីដំណែង ត្រូវបានរៀបចំឡើង កាលពីមករាកន្លងទៅនេះ៕