(មណ្ឌលគិរី)៖ ក្រោយផឹកស៊ីស្រវឹងជោគជាំបុរសម្នាក់ បានកាប់ប្រហារដៃគូក្នុងវង់ទឹកស៊ីផឹក បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅម្ដុំសមុទ្រឈើ ស្ថិតក្នុងភូមិឡៅការ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះដែលរងការកាប់ប្រហារបណ្ដាលឲ្យស្លាប់ភ្លាមៗនោះឈ្មោះ ភ័ក្រ្ដ អាយុ៣០ឆ្នាំ ស្រុកកំណើតនៅខេត្តបាត់ដំបង ដោយឡែកជនបង្កឈ្មោះ សុន វណ្ណា អាយុ៥០ឆ្នាំ ស្រុកកំណើតនៅ ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

យ៉ាងណាមិញ ក្រោយការស្រាវជ្រាវ និងការសន្និដ្ឋានជំហ៊ានដំបូងនោះ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យជាមនុស្សមានបញ្ហាសសៃប្រសាទ ប៉ុន្ដែទោះជាយ៉ាងណាសមត្ថកិច្ចនៅបន្ដការស្រាវជ្រាវបន្ថែមទៀត។

ភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគិរី បានរាយការណ៍ថា គិតត្រឹមយប់ថ្ងៃនេះ កម្លាំងនគរបាលជំនាញដែលដឹកនាំដោយ លោក សូ សុវណ្ណ បានចុះទៅទីតាំងកើតហេតុ ដើម្បីយកសពជនរងគ្រោះស្រាវជ្រាវបន្ដ៕