(កំពង់ចាម)៖ ជនសង្ស័យប្រុសស្រីចំនួន១០នាក់ ត្រូវកម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួន នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ចំណុចភូមិព្រែករំដេងកើត ឃុំពង្រ ស្រុកកោះសូទិន។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន។
បើតាមលោកស្នងការ ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននេះ ត្រូវបានធ្វើឡើងដោយប្រើវិធានញុះញង់ ឃាត់ជនសង្ស័យ១០នាក់ ក្នុងស្រីម្នាក់។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតបានថ្នាំញៀន២កញ្ចប់ ទូរស័ព្ទដៃ០៨គ្រឿង ម៉ូតូ០៤គ្រឿង ប្រាក់ញុះញង់៥០,០០០រៀល និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់បន្ដតាមនីតិវិធី៕