(តាកែវ)៖ សាលាបឋមសិក្សានិងអនុវិទ្យាល័យ ព្រៃយុថ្កា ជាសាលារៀនទី២៣ ហើយ ដែលបានទទួលការឧបត្ថម្ភជាអគារបណ្ណាល័យដ៏ស្រស់ស្អាតពី ប្រាសាក់។ នេះបើតាមប្រសាសន៍របស់លោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ថ្លែងក្នុងពិធីសម្ពោធអគារបណ្ណាល័យខាងលើនេះ ដែលមានទីតាំងស្ថិតក្នុងភូមិតាផាន់ ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ពិធីសម្ពោធសមិទ្ធផលដ៏មានសារៈសំខាន់ សម្រាប់វិស័យអប់រំមួយនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ លោក ឈិត សុខុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីគណៈគ្រប់គ្រងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់, លោកស្រី គា សុភូ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ, លោកបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី សារី ផល្លី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។ កម្មវិធីនេះក៏មានការចូលរួមផងដែរពី អាជ្ញាធរដែនដី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរយនាក់ក្នុងសហគមន៍។
លោក អ៊ុំ សមអឿន បានបញ្ជាក់ថា៖ «ប្រាសាក់ សម្រេចផ្ដល់អគារបណ្ណាល័យនេះដល់សាលាបឋមសិក្សានិងអនុវិទ្យាល័យ ព្រៃយុថ្កា ដោយពិនិត្យឃើញថា ឃុំព្រៃយុថ្កា មានប្រវត្តិយូរអង្វែងមកហើយជាមួយប្រាសាក់ តាំងពីឆ្នាំ ១៩៩៥ ដែលកាលនោះប្រាសាក់បានអនុវត្តគម្រោងជីកប្រលាយទឹកសម្រាប់ឲ្យប្រជាជនបានប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត ដោយសារឃុំព្រៃយុថ្កាជាឃុំដែលមានប្រជាពលរដ្ឋច្រើនជាងគេដែលបានគាំទ្រការប្រើប្រាស់សេវាប្រាក់កម្ចីរបស់ប្រាសាក់។ ហេតុនេះ ប្រាសាក់ ដែលជាស្ថាប័នតែងគិតគូរពីការងារសង្គម ក៏បានតបស្នងទៅសហគមន៍វិញ តាមរយៈអំណោយជាអគារបណ្ណាល័យដ៏ស្រស់ស្អាតនេះ»។
លោកបានបន្តឲ្យដឹងទៀតថា អគារបណ្ណាល័យនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ ព្រៃយុថ្កា នេះ មានទំហំ៩ ម៉ែត្រ គុណនឹង១២ ម៉ែត្រ សង់ផុតពីផ្ទៃដី បានដំណើរសាងសង់ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដោយប្រើប្រាស់ថវិកាសម្រាប់សាងសង់ បំពាក់សម្ភារនិងឯកសារ បណ្តុះបណ្តាលបណ្ណារក្ស និងគាំទ្រគម្រោងរយៈពេល៣ឆ្នាំ អស់ចំនួន ១៤១,២២២,៣៣៤ រៀល ឬសមមូលនឹង ៣៤,៩៨២ ដុល្លារអាមេរិក ក្រោមកិច្ចសហការលើគម្រោងពីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យអប់រំ និងវប្បធម៌នៃការអានឲ្យមានការរីកចម្រើន។
គិតត្រឹមឆ្នាំ ២០១៨ ប្រាសាក់បានផ្តល់អគារបណ្ណាល័យសរុប រហូតដល់ ២៥ ខ្នង ដែលបានចំណាយថវិកាច្រើនជាង ៧៣ម៉ឹនដុល្លារអាមេរិក (សាងសង់និងបំពាក់សម្ភាររួចរាល់មាន ២៣ ខ្នង និង២ ខ្នងកំពុងបំពាក់សម្ភារ)។ គម្រោងបណ្ណាល័យប្រាសាក់ គ្របដណ្ដប់ចំនួន ២៩២ ភូមិ ដែលមានចំនួន ៥៩,២៩៩ គ្រួសារ និងប្រជាពលរដ្ឋ ២៧៣,៧២៧ ជូនដល់សាលារៀននៅបណ្តាខេត្តចំនួន ៨ រួមមាន កំពង់ស្ពឺ កំពង់ចាម កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ និងខេត្តបាត់ដំបង ដោយមានអ្នកទទួលផលផ្ទាល់ជាសិស្សចំនួន ១៥,៦០៧ នាក់ និង លោកគ្រូអ្នកគ្រូចំនួន ៥៨១នាក់។
លោកស្រី សារី ផល្លី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ថ្លៃថ្លានេះសម្រាប់ជាគុណប្រយោជន៍ក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្ត ហើយបានសំណូមពរឲ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាជនក្នុងសហគមន៍ចូលរួមថែរក្សា និងប្រើប្រាស់ឲ្យលទ្ធភាពក្នុងការចូលអានក្នុងបណ្ណាល័យ។
ដោយឡែក លោកបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករង អគ្គនាយកដ្ឋានអប់រំ តំណាងក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីសារៈសំខាន់នៃការអាននៅក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ដោយបានបញ្ជាក់ថា ការសិក្សារៀនសូត្រគឺត្រូវធ្វើឡើងពេញមួយជីវិត តាមរយៈការអានសៀវភៅជាប្រចាំ មិនមែនគ្រាន់តែការរៀននៅសាលាតែមួយនោះទេ។ ហេតុនេះការបណ្ដុះទម្លាប់នៃការអានតាំងពីតូចដល់កុមារ តាមរយៈបណ្ណាល័យនេះ ពិតជាមានសំខាន់ណាស់។
ថ្លែងក្នុងឱកាសនេះ លោក ឈិត សុខុន បានសម្ដែងនូវក្ដីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែលបានផ្ដល់មូលនិធិកសាងបណ្ណាល័យនេះ និងបានអរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការគាំទ្រឲ្យគម្រោងនេះលេចជារូបរាងឡើង។ អគារបណ្ណាល័យនេះ ប្រៀបដូចជាកំណប់ទ្រព្យ ដែលសិស្សានុសិស្សនៅក្នុងឃុំព្រៃយុថ្កានេះ បានទទួល ដើម្បីក្រេបយកចំណេះវិជ្ជាទុកជាទុនកសាងខ្លួន គ្រួសារ សហគមន៍ និងប្រទេសជាតិ។
លោក ឈិត សុខុន ក៏បានផ្ដាំផ្ញើឲ្យសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រឲ្យបានខ្លាំងពូកែ ហើយយកចំណេះដឹងមកជួយកសាងសហគមន៍ឃុំព្រៃយុថ្កាឲ្យបានរីកចម្រើន និងចូលរួមថែរក្សាបណ្ណាល័យនេះឲ្យបានគង់វង្សច្រើនជំនាន់ទៅមុខ ៕