(កំពង់ចាម)៖ លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានជំរុញឲ្យក្នុងមូលដ្ឋានទាំងអស់ ត្រូវបង្កើតសមត្ថភាព ឲ្យខ្លាំងខ្លាបន្ថែមទៀត ដើម្បីដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ ជាពិសេសត្រូវបម្រើសេវាសាធារណៈឲ្យបានឆាប់រហ័សជូនពួកគាត់។
លោក សុក ផេង បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាសពក្នុងពិធី ប្រជុំបូកសរុបប្រចាំខែមករា ដែលមានសមាជិកចូលរួម ប្រមាណជិត១០០នាក់។
លោក សុក ផេង បានបន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃ ជូនពួកគាត់ដូចជាការដោះស្រាយ លិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឲ្យបានឆាប់រហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងមានអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ ទាំងនេះជាក្រមសីលធម៌របស់មន្ត្រី ហើយនឹងប្រាកដជាទទួលបាននូវការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ជាក់ជាមិនខាន។
មន្ត្រីទាំងអស់គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួនមានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែក ដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ និងអនុវត្តឲ្យបាននូវអភិក្រមទាំងប្រាំចំណុចគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងចុងក្រោយវះកាត់។
លោក សុក ផេង បានបញ្ជាក់ថា អ្នកនយោបាយ និងក្រុមអមិត្តខ្លះ កំពុងបំភ្លៃពីសភាពការពិតនៅកម្ពុជាបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលស្របច្បាប់ ដែលកំពុងដឹកនាំប្រទេស ឲ្យមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យដូច្នេះសំខាន់បំផុតត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈជនប្រជាជនកម្ពុជាឲ្យបានជាដាច់ខាត។
ម៉្យាងវិញតទៀតត្រូវចុលរួមលុបបំបាត់ទាំងស្រុងនូវការបង្កើតបនល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន និងចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដើម្បីរក្សា ឲ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។ ចុងក្រោយលោកបានពាំនាំនូវការសាកសួរសុខទុក្ខពីលោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកចំការលើ ឲ្យខិតខំធ្វើអំពើល្អបន្តទៀតដើម្បីឲ្យប្រជាពលរដ្ឋមានការទុកចិត្តមកលើអាជ្ញាធរមូលដ្ឋាន ផងដែរ ។
សូមបញ្ជាក់ថា សាលាឃុំស្វាយ បច្ចុប្បន្ន បានបំពាក់នូវទឹកក្តៅត្រជាក់ និងកាហ្វេសម្រាប់ទទួលប្រជាពលរដ្ឋដែលទៅទទួលសេវានៅសាលាឃុំ ដែលបានពីការឧបត្ថម្ភពីសំណាក់លោក ហ៊ុន ម៉ានិត ជាប្រធានក្រុមការងារចុះជួយស្រុកចំការលើផងដែរ៕