(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យលោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន លោក ចក់ កុសល អតីតអនុប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ ដែលមានជំងឺរ៉ាំរ៉ៃ កំពុងសម្រាកព្យាបាលនៅគេហដ្ឋានរបស់លោក នៅភូមិអញ្ចាញ ឃុំឬស្សីក្រោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកចំពោះលោក ចក់ កុសល និងសូមជូនពរឲ្យលោក ឆាប់បានជាសះស្បើយពីជំងឺ។
លោក ចក់ កុសល បានសំដែងក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរចំពោះសុខភាព និងទុក្ខលំបាកគ្រួសាររបស់លោក ព្រមទាំងបានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនទៀតផង។
ឆ្លៀតក្នុងឱកាសនោះដែរ លោកវេជ្ជ. អ៊ុយ សំអាត បានអញ្ជើញសួរសុខទុក្ខ លោកស្រី ស្រី សុខុម ហេរញ្ញិក នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់លោកស្រី នៅឯភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បន្ទាប់មក លោកវេជ្ជ. ក៏បានអញ្ជើញសួរសុខទុក្ខលោក ប៉េង ធឿន អតីតអ្នកបើកបររថយន្ដ កាកបាទក្រហមកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានប្អូនថ្លៃរបស់លោក ស្ថិតនៅភូមិតាំងគោក ឃុំតាំងគោក ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕