(ព្រៃឈរ, ខេត្តកំពង់ចាម)៖ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ បានក្រើនរំលឹកសមាជិក-សមាជិកា មិនត្រូវមើលស្រាលសភាពការណ៍បច្ចុបុ្បន្ន ហើយត្រូវបន្តយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងមានប្រសិទ្ធភាព ពិសេសត្រូវលុបបំបាត់អំពើពុករលួយ បក្សពួកនិយម គ្រួសារនិយម និងនាហ្មឺននិយម ដើម្បីចូលរួមអនុវត្តន៍គោលការណ៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី បានលើកសំណើនេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស និងផែនការត្រៀមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលរៀបចំឡើង កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

«យើងត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេសសប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងការបម្រើប្រជាជន ក៏ដូចជាការលាងសម្អាតខ្លួន និងកែប្រែមុខមាត់ របស់មន្ត្រីដឹកនាំរបស់គណបក្ស នៅគ្រប់ជាន់ថ្នាក់ តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម» «មន្ត្រីគណបក្សប្រជាជនគ្រប់រូប ត្រូវក្ដាប់ឲ្យជាប់នូវស្មារតីនេះ មិនត្រូវមើលរំលងកំហុសរបស់ខ្លួន និងត្រូវចេះកែប្រែខ្លួន។ គ្មាននរណាធ្វើឲ្យគណបក្សប្រជាជនបរាជ័យបានទេ ក្រៅពីគណបក្សប្រជាជនខ្លួនឯង»​។ លោក​ ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានសំណូមពរសមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជា ធ្វើការប្រកាន់ខ្ជាប់នូវគោលជំហរមុតមាំក្នុងការអនុវត្តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងកម្មវិធីនយោបាយរបស់គណបក្ស ក៏ដូចជារបស់រាជរដ្ឋាភិបាលឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនប្រជាប្រិយភាពរបស់គណបក្ស សំដៅរក្សាជ័យជំនះ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨។

ជាចុងបញ្ចប់នៃអង្គពិធី លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាបក្សទាំងអស់ ដែលជានិច្ចកាលតែងស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា និងបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការតស៊ូដណ្តើមយកជ័យជំនះជូនគណបក្សនៅគ្រប់សមរភូមិបោះឆ្នោត និងជាពិសេសបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍមូលដ្ឋាននៅតាមភូមិ-ឃុំនានា ទូទាំងស្រុកព្រៃឈរ ខេត្តកំពង់ចាម៕